ដោយប្រសិទ្ធនាមថា ដំណើរបេសកកម្មគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុបកាលពីព្រឹកថ្ងៃចន្ទទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ Amparo Lopez Senovilla រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មព្រះរាជាណាចក្រអេស្ប៉ាញ។ក្នុងឱកាសនេះប្រទេសអេស៉្បាញបានបង្ហាញចំណាប់ធ្វើការវិនិយោគលើវិស័យមួយចំនួននៅកម្ពុជា។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅរសៀលថ្ងៃទី១០ ខែមិថុនានេះបានឱ្យដឹងថា ជាជំនួបពិភាក្សាការងារដំបូង ក្នុងដំណើរបេសកកម្ម​គោះទ្វារវិនិយោគនៅសហភាពអឺរ៉ុបនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកជំទាវរដ្ឋលេខាធិការ​អំពី​សក្តានុពលវិជ្ជមានរបស់ព្រះរាជាណាចក្រកម្ពុជាមានជាអាទិ៍ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មកម្ពុជា​ដែលមានភាពវ័យក្មេងប្រកបដោយថាមពល និងថាមវន្ត មានរាជរដ្ឋាភិបាលដែល​គាំទ្រដល់ធុរកិច្ច មានរបបវិនិយោគដែល​មានភាពអនុគ្រោះ និងភាពប្រទាក់ក្រឡានៃហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយកម្ពុជាដែល​បាន​និងកំពុងផ្ដល់ឱកាសឱ្យ​វិនិយោគិនបណ្ដាក់ទុនវិនិយោគបានផងដែរ។បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំពឹងថា​ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រអេស្ប៉ាញ អាចពិនិត្យរៀបចំឱ្យមានសន្ធិសញ្ញាវិនិយោគទ្វេភាគី សំដៅបង្កភាព​ងាយស្រួលដល់ការវិនិយោគ និងទំនាក់ទំនងផងដែរ។

ក្នុងជំនួបនេះ លោកជំទាវ Amparo Lopez Senovilla បានបង្ហាញការស្វាគមន៍ជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង​គណៈប្រតិភូកម្ពុជា ចំពោះដំណើរទស្សនកិច្ចក្នុងប្រទេសអេស្ប៉ាញនាឱកាសនេះ ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍ដែល​វិនិយោគិន​អេស្ប៉ាញ អាចវិនិយោគលើវិស័យទេសចរណ៍ ថាមពលកកើតឡើងវិញ ឱសថ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពិសេសហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់ និងវិស័យផ្សេងៗមួយចំនួនទៀតនៅកម្ពុជាផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.