រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក អ៊ែរឡាងហ្កា ហាតាតូ (Airlangga Hartarto) និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង លោក អ៊ីនគីយ៉ូ ជឹង (Inkyo Cheong) កាលពីសប្តាហ៍មុន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីការអនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច។

កិច្ចព្រមព្រៀងនេះ សម្រេចបាននៅខាងក្រៅនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកសម្រាប់វិបុលភាព (IPEF) នៅក្នុងប្រទេសសិង្ហបុរីនៅថ្ងៃដដែលនោះ។

ថ្លែងបន្ទាប់ពីពិធីចុះហត្ថលេខា លោក ហាតាតូ បាននិយាយថា ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនិចឱ្យបាន ៣១,៨៩% ដោយកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន និងរហូតដល់ ៤៣,២០% ដោយមានការគាំទ្រពីអន្តរជាតិ ប្រទេសឥណ្ឌូណេស៊ីកំពុងស្វែងរកកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគី។

លោកបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូង (MOTIE) ក្នុងការកសាងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយឥណ្ឌូណេស៊ី ដើម្បីអនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ក្រោមកិច្ចសហប្រតិបត្តិការនេះ បណ្តាក្រុមហ៊ុនរបស់កូរ៉េខាងត្បូង និងឥណ្ឌូណេស៊ីនឹងត្រូវបានលើកទឹកចិត្តឱ្យធ្វើការងាររួមគ្នា ដើម្បីបង្កើតគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលគាំទ្រដោយការឧបត្ថម្ភធនពីក្រសួង MOTIE ។

លើសពីនេះទៀត ប្រទេសទាំងពីរនឹងទទួលបានឥណទានកាបូន តាមរយៈលទ្ធផលកាត់បន្ថយការផ្ទេរអន្តរជាតិ (ITMO) ពីគម្រោងមួយចំនួនដែលទទួលបានការឧបត្ថម្ភធនពីក្រសួង MOTIE។

លោក ហាតាតូ បានសម្តែងក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូងនឹងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌូណេស៊ី ដើម្បីសម្រេចបាននូវគោលដៅនៃការបង្កើនការរួមចំណែកដែលបានកំណត់ថ្នាក់ជាតិ (ENDC) នៅត្រឹមឆ្នាំ២០៣០ និងការបំភាយឧស្ម័នសូន្យសុទ្ធ (NZE) នៅត្រឹមឆ្នាំ២០៦០ ឬឆាប់ជាងនេះ។

លោកក៏បានរំពឹងទុកផងដែរថា កិច្ចសហប្រតិបត្តិការនេះអាចគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រទេសឥណ្ឌូណេស៊ីតាមរយៈការបង្កើនការវិនិយោគបៃតង៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.