រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូណេស៊ី និងជាប្រធានាធិបតីថ្មីជាប់ឆ្នោត លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) និងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) កាលពីពេលថ្មីៗនេះ បានពិភាក្សាអំពីទំនើបកម្មនៃប្រព័ន្ធការពារសព្វាវុធបឋម នៅខាងក្រៅកិច្ចប្រជុំនៃកិច្ចសន្ទនាសាងរី-ឡា ឆ្នាំ២០២៤ (Shangri-La Dialogue 2024) ដែលធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា។

នៅក្នុងជំនួបនោះ លោក ប្រាបូវ៉ូ បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិកសម្រាប់ការគាំទ្រទំនើបកម្មឧបករណ៍ប្រើប្រាស់ដោយកងកម្លាំងការពារប្រទេសឥណ្ឌូណេស៊ី (TNI) ដោយបានបញ្ជាក់ថា ប្រទេសទាំងពីរទទួលស្គាល់នូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការធ្វើទំនើបកម្មឧបករណ៍ និងប្រព័ន្ធការពារជាតិ ដើម្បីបង្កើនសមត្ថភាពនៃការគ្រប់គ្រងការគំរាមកំហែងប្រកបដោយប្រសិទ្ធភាព។

អ្នកទាំងពីរក៏បានរិះរកមធ្យោបាយ ដែលអាចសម្រេចបានក្នុងការពង្រឹងភាពជាដៃគូរយៈពេលវែងរបស់ប្រទេសទាំងពីរ និងបន្តផលប្រយោជន៍រួមផងដែរ។

កិច្ចសន្ទនាសាងរី-ឡា គឺជាកិច្ចប្រជុំកំពូលផ្នែកការពារជាតិឈានមុខគេរបស់អាស៊ី ដែលបណ្តារដ្ឋមន្ត្រីការពារជាតិជជែកពិភាក្សាអំពីបញ្ហាប្រឈមផ្នែកសន្តិសុខដ៏តឹងតែងបំផុតរបស់តំបន់ ចូលរួមក្នុងកិច្ចពិភាក្សាទ្វេភាគីសំខាន់ៗ និងបង្កើតវិធីសាស្រ្តថ្មីៗជាមួយគ្នា។ ព្រឹត្តិការណ៍​ឆ្នាំ​នេះ ​បាន​ទាក់ទាញ​ការ​ចូល​រួម​គណៈពី​ប្រតិភូ​ប្រមាណ ​៥៥០​នាក់​មក​ពី ​៤០​ប្រទេស៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.