ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ចប់ទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅសាធារណរដ្ឋតួកគី នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៤ ដែលជាទស្សនកិច្ចលើកទី១ នៅក្រៅតំបន់អាស៊ី។

ក្នុងដំណើរនោះ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ជូនម្ចាស់ផ្ទះអំពីគោលបំណង រំលេចទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងតួកគី ពង្រឹងចំណងទាក់ទង ទ្វេភាគី ដោយបង្កើនភាពស៊ីជម្រៅ និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យនានា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ទស្សនកិច្ចនាពេលនេះ មានគោលបំណងអនុវត្តនូវអ្វី ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាពីឆ្នាំ២០១៨ ជាពិសេសគោលដៅបង្កើនពាណិជ្ជកម្មទ្វេភាគី ឱ្យដល់១ពាន់លានដុល្លារអាមេរិក។

ពាក់ព័ន្ធនិងវិស័យពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរយល់ស្របគ្នាអំពីភាពចាំបាច់ក្នុងការ បង្កើតជើងហោះហើរត្រង់រវាងកម្ពុជា និងតួកគី។ ភាគីតួកគីនឹងជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍តួកគីចាប់ ផ្ដើមការហោះហើរត្រង់ទៅកម្ពុជាឱ្យបានឆាប់បំផុត ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ និង ទេសចរណ៍។ ភាគីទាំងពីរបានទទួលស្គាល់ពីសក្តានុពលដ៏ធំធេងសម្រាប់ការ វិនិយោគនាពេលអនាគត ក្នុងវិស័យដូចជា កសិឧស្សាហកម្ម អប់រំ ការអភិវឌ្ឍន៍ថាមពលបៃតង និងទេសចរណ៍ផងដែរ។

គួររំលឹកផងដែរថារ ក្នុងឱ្យកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ លោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ដោយឃើញទំនាក់ទំនងរវាងកម្ពុជា និងទួកគី មានការរីកចម្រើនជាលំដាប់ ថ្វីត្បិតតែទំហំពាណិជ្ជកម្មមានទំហំតូច ក៏ប៉ុន្តែប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការជំរុញទំហំពាណិជ្ជកម្មនេះ ឲ្យកើនដល់១ពាន់លានដុល្លារផងដែរនាពេលខាងមុខ ។

ជាមួយគ្នានោះ សម្តេចតេជោ ជឿជាក់ថាគោលដៅ ១ពាន់លានដុល្លារនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងទាំងពីរអាចសម្រេចបាននាពេលខាងមុខ បើទោះបីជាទំហំពាណិជ្ជកម្មរបស់កម្ពុជា-តួកគី នៅតូចដែលពុំទាន់សក្តិសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមានក៏ដោយ៕ 

ប្រភព៖ ក្រសួងព័ត៌មាន 

Share.

Comments are closed.