កម្ពុជាបានចាប់ផ្តើមបើកកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០, កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៨៥ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងសៀមរាប។

នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នេះ អនុគណៈកម្មាធិការអាស៊ានផ្នែកអភិវឌ្ឍន៍ហេដ្ឋា​រចនា​សម្ព័ន្ធ និងធនធានវិទ្យា សាស្ត្រ និងបច្ចេកវិទ្យា (SCIRD-60) បានបើកកិច្ចប្រជុំលើកទី៦០ របស់ខ្លួន ដោយមានការអញ្ញើញចូលរួមពីគណៈប្រតិភូមកពីបណ្តាប្រទេស​សមាជិកអាស៊ានទាំង១០ ប្រទេសទីម័រ​ខាង​កើត និងលេខាធិការដ្ឋានអាស៊ាន ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗ និង​ភាពជឿនលឿន​នៃការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និងធនធានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវា​នុ​វត្តន៍សម្រាប់តំបន់។

ឯកឧត្តម ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាអនុប្រធានក្រុមការងាររៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ បានលើកឡើងថា៖ «យើងមានកិត្តិ​យស​​​ក្នុងការធ្វើជាម្ចាស់ផ្ទះ​រៀប​ចំ​កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០, កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៨៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ ជាវេទិកាទាំងនេះមានសារៈសំខាន់សម្រាប់​ជំរុញ​កិច្ចសហ​ប្រតិ​បត្តិ​ការផ្នែកវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា​ក្នុងតំបន់ ហើយក្នុងនាម​ជាប្រធានប្តូរវេន កម្ពុជាប្តេជ្ញាជំរុញការបង្កើនសមត្ថ​ភាព​ផ្នែកវិទ្យា​សាស្ត្ររបស់អាស៊ាន និងលើកកម្ពស់​នវានុវត្តន៍​សម្រាប់​ការអភិវឌ្ឍប្រកបដោយ​ចីរភាព និងបរិយាបន្ន។»

កិច្ចប្រជុំទាំងនេះមានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និង​ជំរុញ​ការ​អនុវត្ត​ផែនការសកម្ម​ភាព​អាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០១៦-២០២៥ (APASTI 2016-2025) ព្រមទាំងពិភាក្សាដើម្បីរៀបចំផែនការសកម្មភាពអាស៊ាន​ផ្នែកវិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់រយៈពេល១០ឆ្នាំបន្ទាប់ (APASTI 2026-2០35)។

ផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាផែនទីបង្ហាញផ្លូវដែលមាន​គោល​ដៅ​ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងតំបន់អាស៊ាន។ ផែនការនេះបង្ហាញសកម្មភាពអាទិភាព ដូចជាការបង្កើនសមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D), ការលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា និងនវានុវត្តន៍, ការកែលម្អការអប់រំផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, និង​ការលើកកម្ពស់ភាពជាដៃគូជាមួយវិស័យឯកជនជាដើម។ គោលដៅចុងក្រោយនៃផែនការ​សកម្មភាព​អាស៊ាន​ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺដើម្បីទាញយកសក្តានុពលនៃវិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់តំបន់។

គម្រោងកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនាអាស៊ាន​ដូចជាអូស្ត្រាលី កាណាដា ចិន ឥណ្ឌា ជប៉ុន កូរ៉េ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក៏ត្រូវបានពិភាក្សា​ផងដែរ។ លើសពីនេះ របាយការណ៍ពីស្ថាប័នបុត្រ​សម្ព័ន្ធ និងបណ្តាញផ្សេងៗ ដូចជាក្រុមអ្នក​ជំនាញ​ផ្នែកមាត្រា​សាស្ត្រ បណ្តាញអ្នកវិទ្យាសាស្ត្រវ័យក្មេង​អាស៊ាន និងបណ្តាញអាស៊ានស្តីពីសេដ្ឋកិច្ចបៃតងវិលជុំ ក៏ត្រូវបានបង្ហាញក្នុងកិច្ចប្រជុំនេះផងដែរ។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.