នាឱកាសដ៏មហាសោកសង្វេគនៃព្រះរាជពិធីដង្ហែនិងថ្វាយព្រះភ្លើង ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម ថ្នាក់ដឹកនាំជាន់ខ្ពស់ ប្រជាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស ញាតិព្រះធម៌គ្រប់ទិសទី បានសម្តែងនូវក្តីសោកស្តាយស្រណោះអាឡោះអាល័យរកទីបំផុតគ្មាននិងបាននិមន្តនិងអញ្ជើញ ចូលរួមក្នុងព្រះរាជពិធីដង្ហែនិងថ្វាយព្រះភ្លើង ដើម្បីជូនដំណើរចំពោះព្រះអង្គជាលើកចុងក្រោយ។ ការយាងចូលព្រះទិវង្គតសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស គឺជាការបាត់បង់ធនធានវិរៈសង្ឃដ៏កម្រ ផ្នែកពុទ្ធចក្រ ក៏ដូចជាអាណាចក្រផងដែរ។

Voxpop«មានការសង្វេគយ៉ាងខ្លាំង ដោយសារសម្ដេចលោកជាអ្នកមានគុណ ក្នុងការបង្កើតព្រះសង្ឃឡើងវិញនៅព្រះរាជាណាចក្រកម្ពុជា ដែលលោកជាបិតាសង្ឃធំបំផុតនៅប្រទេសខ្មែរ។ មានការស្ដាយហើយសង្វេគ គ្មានអ្វីបញ្ជូនទៅ មានតែបុណ្យកុសលប្រគេនដល់ព្រះអង្គ។ មកជូនដំណើរលោកជាចុងក្រោយ តទៅលែងបានឃើញព្រះភ័ក្តរបស់ព្រះអង្គទៀតហើយ។គឺជាការបាត់បង់មួយដ៏ធំធេងរបស់ពុទ្ធបរិស័ទ ដែលបានបាត់បង់ព្រះមហាវីរៈសង្ឃដ៏កំពូលរបស់ ប្រទេស»។

នៅវេលាម៉ោង៦ ព្រឹកថ្ងៃច័ន្ទ១២រោចខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២៤ ព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាត្រូវបានដង្ហែចេញពី វត្តឧណ្ណាលោម រាជធានីភ្នំពេញ ទៅកាន់ទីតាំងព្រះមេរុ ដើម្បីធ្វើការថ្វាយព្រះភ្លើងនៅខាងមុខវត្តបទុមវតីរាជវរារាម ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម ទាំងពីរគណៈដែលនិមន្តមកពីគ្រប់ខេត្តក្រុង និងមន្ត្រីជាន់ខ្ពស់មកពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសិស្សនិស្សិត ព្រមទាំងប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ដើម្បីជាកិច្ចជូនដំណើរជាលើកចុងក្រោយ។

ព្រះតេជគុណទូច ចន្ថា មានពុទ្ធដីកាបន្ដទៀតថា សម្ដេចព្រះមហាសង្ឃរាជបានបន្សល់ ស្នាដៃជាច្រើនទាំងពុទ្ធចក្រ និងអាណាចក្រដោយបានដើរទន្ទឹមគ្នាជាមួយរាជរដ្ឋាភិបាលតាំង ពីរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។

រីឯលោកតាហែម កុដ មានអាយុ៨៣ឆ្នាំ ដែលបានធ្វើដំណើរពីស្រុកកងមាស ខេត្តកំពង់ចាម ដើម្បីមកចូលរួមក្នុងពិធីដង្ហែនិងថ្វាយព្រះភ្លើង ព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាបាននិយាយថា៖

ស្រដៀងគ្នានេះដែរឧបាសិកាឆេង ហុន ក៏បានលើកឡើងពីអារម្មណ៍ដែលសោកស្ដាយចំពោះការបាត់បង់វីរៈសង្ឃដ៏កំពូលរបស់កម្ពុជា។

ដោយឡែកប្អូនប្រុសសុធា ជានិស្សិតឆ្នាំទី១នៅសកលវិទ្យាល័យភូមិន្ននិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានបង្ហាញអារម្មណ៍សោកស្ដាយចំពោះការចូលទិវង្គតរបស់សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

ប្អូនប្រុសសុធា បានលើកឡើងថា នៅព្រឹកថ្ងៃទី៣ខែមិថុនានេះ ជាថ្ងៃថ្វាយព្រះភ្លើងបូជាព្រះសព របស់ព្រះអង្គ ដូច្នេះដើម្បីតបស្នងគុណដល់ព្រះអង្គ ប្អូនប្រុសមកជូនដំណើរ និងផ្សាយកុលសផលបុណ្យដែលប្អូនបានបំពេញទាំងប៉ុន្មាន ឧទ្ទិសជូនដល់ព្រះអង្គឱ្យទៅភពភូមិ ដែលគាប់ប្រសើរ។

ចំណែកលោកអ៊ំស្រីគឹម ហឿន វិញក៏បានបង្ហាញអារម្មណ៍ សោកស្ដាយជាពន់ពេក នូវការ ចូលទិវង្គតរបស់ព្រះមហាសង្ឃរាជសម្ដេចទេព វង្ស។

សូមរំលឹកដែរថា ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ប្រសូត្រនៅថ្ងៃទី១២ ខែមករា ឆ្នាំវក គ.ស.១៩៣២នៅឃុំជ្រាវ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ចូលសាងព្រះផ្នួសលើកទី១នៅឆ្នាំរោង គ.ស.១៩៥២ ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ព្រះនាម ហ៊ីង ម៉ៅ “ពុទ្ធសរ”

ព្រះចៅអធិការវត្តរាជបូណ៌ខេត្តសៀមរាប។ព្រះផ្នួសលើកទី២នៅថ្ងៃ១៩ កញ្ញា ឆ្នាំ១៩៧៩នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ ឋិតសីលោ និមន្តមកពីកម្ពុជាក្រោម។ នៅឆ្នាំ១៩៧៩ ដដែលបានឡើងជាព្រះវិន័យធរ ប្រធានសង្ឃ និងជាព្រះឧបជ្ឈាហ៍ទូទាំងប្រទេស បន្តពីព្រះគ្រូមហាថេរ ព្រះនាម កើត វ៉ាយ។ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៦ ត្រូវបានតែងតាំងជាសម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។ ក្នុងព្រះនាមទ្រង់ជាសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានកសាងសមិទ្ធផល និងស្នាព្រះហស្ថជាច្រើន ក្នុងវិស័យព្រះពុទ្ធសាសនា ដែលបានរួមចំណែកយ៉ាងធំធេងកសាងសមិទ្ធផលនានាក្នុងសង្គមនិងមានកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ ពិសេសព្រះអង្គធ្វើពលិកម្មគ្រប់បែបយ៉ាងបូជាចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។

សម្តេចព្រះមហាសង្ឃរាជ ទេព វង្សបានយាងចូលព្រះទិវង្គត នាថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៥ និង៤០នាទីល្ងាចក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះរោគាពាធ នៅក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ព្រះសពរបស់សម្តេចសង្ឃ ត្រូវបានតម្កល់ធ្វើបុណ្យរហូតដល់១០០ថ្ងៃ លុះដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ គណៈកម្មការរៀបចំពិធីបុណ្យថ្វាយព្រះបរមសព បានរៀបចំនូវពិធីដង្ហែព្រះបរមសពឆ្ពោះទៅកាន់ព្រះមេរុ មុខវត្តបទុមវតីរាជវរារាម ដើម្បីប្រារព្ធនូវព្រះរាជពិធីថ្វាយព្រះភ្លើង ដោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។ ។

ការយាងចូលព្រះទិវង្គតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស គឺជាការបាត់បង់នូវមហាវីរសង្ឃកំពូលដែលជាកុលបុត្រដ៏ឧត្តុងឧត្តមនៃប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា ដោយស្ទើរពេញមួយព្រះជន្មរបស់ព្រះអង្គ បានលះបង់អស់ព្រះកាយពល ធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនា នៅក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ដែលត្រូវបានគេស្គាល់ថា ព្រះអង្គមានស្នាព្រហស្ថក្នុងការបង្កើតគណៈសង្ឃកម្ពុជាឡើងវិញក្រោយរបបកម្ពុជាប្រជាធិតេយ្យ(ខ្មែរក្រហម)៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.