ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃពុធថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) បានប្តេជ្ញាចាត់វិធានការ «យ៉ាងតឹងរ៉ឹងលើសលប់» ប្រឆាំងនឹងការបង្ហាញកម្លាំងរបស់ប្រទេសកូរ៉េខាងត្បូង ដើម្បីឆ្លើយតបទៅនឹងការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបចារកម្មរបស់ប្រទេសកូរ៉េខាងជើង ដោយលោកបានចាត់ទុក ទង្វើនេះថា ជាការញុះញង់ «ដ៏គ្រោះថ្នាក់បំផុត»។

យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា លោក គីម បានកត់សម្គាល់ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិកាលពីថ្ងៃអង្គារ ដើម្បីប្រារព្ធខួបលើកទី៦០ នៃការបង្កើតទីភ្នាក់ងារនេះ នៅមុនមួយថ្ងៃបន្ទាប់ពីការបាញ់បង្ហោះផ្កាយរណបចារកម្មយោធារបស់កូរ៉េខាងជើងបានបញ្ចប់ដោយការបរាជ័យ។

យោធាកូរ៉េខាងត្បូងបានធ្វើសមយុទ្ធតាមផ្លូវអាកាស ដោយមានការចូលរួមពីយន្តហោះចម្បាំងប្រមាណ ២០គ្រឿងកាលពីថ្ងៃចន្ទ ជិតព្រំដែនប្រទេសកូរ៉េខាងជើង នៅប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសកូរ៉េខាងជើងបានជូនដំណឹងដល់ប្រទេសជប៉ុនអំពីផែនការបាញ់បង្ហោះផ្កាយរណបនៅថ្ងៃទី៤ ខែមិថុនា។

យោងតាមទីភ្នាក់ងារ KCNA បានឱ្យដឹងថា លោកបានប្តេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងតឹងរ៉ឹងបំផុតប្រឆាំងនឹងការសម្រេចចិត្តដ៏តក់ក្រហល់របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីបង្ហាញពីកម្លាំងប្រឆាំងនឹងផែនការបាញ់បង្ហោះផ្កាយរណបរបស់ប្រទេសកូរ៉េខាងជើង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះគ្រាប់រ៉ុក្កែតថ្មីមួយដែលផ្ទុកផ្កាយរណបចារកម្មមួយដែលមានឈ្មោះថា ម៉ាល់លីហ្គយ៉ុង-១-១ (Malligyong-1-1) កាលពីយប់ថ្ងៃចន្ទ។ ប៉ុន្តែរ៉ុក្កែតបានផ្ទុះក្នុងអំឡុងពេលហោះហើរក្នុងដំណាក់កាលដំបូងភ្លាមៗបន្ទាប់ពីបានហោះឡើង។

ការបាញ់បង្ហោះចុងក្រោយនេះបានកើតឡើង នៅពេលដែលប្រទេសកូរ៉េខាងជើង និង រុស្ស៊ីបាននឹងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការយោធា បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងលោក គីម និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) កាលពីខែកញ្ញា។

ទីក្រុងព្យុងយ៉ាងត្រូវបានគេសង្ស័យថា បានផ្តល់អាវុធដល់ទីក្រុងមូស្គូសម្រាប់ប្រើប្រាស់ក្នុងសង្រ្គាមនៅប្រទេសអ៊ុយក្រែនជាថ្នូរនឹងការផ្ទេរបច្ចេកវិទ្យាអាវុធ និងជំនួយស្បៀងអាហារតាមដែលអាចធ្វើទៅបានរបស់ប្រទេសរុស្ស៊ី៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.