នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) កាលពីពេលថ្មីៗនេះ​ បានប្រកាសផ្តល់ថវិកាចំនួន ១លានរីងហ្គីត (២២០.០០០ដុល្លារអាម៉េរិក) ដល់ទីភ្នាក់ងារសារព័ត៌មានជាតិម៉ាឡេស៊ី (Bernama) ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលទាក់ទងនឹងបញ្ញាសិប្បនិមិត្ត (AI) សម្រាប់អ្នកអនុវត្តប្រព័ន្ធផ្សព្វផ្សាយ។

ថ្លែងក្នុងពិធីអបអរសាទរទិវាអ្នកសារព័ត៌មានជាតិឆ្នាំ២០២៤ (HAWANA 2024) នៅទីក្រុងគូជីង នៃរដ្ឋសារ៉ាវ៉ាក់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបញ្ជាក់ថា ការបម្រុងថវិកានេះ គឺស្របតាមការអំពាវនាវឱ្យមានភាតរភាពនៃប្រព័ន្ធផ្សព្វផ្សាយ ស្វែងយល់ និងធ្វើជាម្ចាស់នៃការប្រើប្រាស់បច្ចេកវិទ្យា រួមទាំង AI ផងដែរ ក្នុងការអនុវត្តភារកិច្ចរបស់ពួកគេ។ អាស្រ័យហេតុនេះ ទីភ្នាក់ងារសារព័ត៌មាន Bernama មានទំនួលខុសត្រូវក្នុងការផ្តល់កម្មវិធីបណ្តុះបណ្តាលសម្រាប់បុគ្គលិករបស់ខ្លួន ក៏ដូចជាទីភ្នាក់ងាររដ្ឋាភិបាល និងអង្គភាពសាជីវកម្ម បន្ថែមពីលើការគ្រប់គ្រងកម្មវិធីពីនិស្សិតនៃគ្រឹះស្ថានឧត្តមសិក្សា ដើម្បីទទួលការបណ្តុះបណ្តាលឧស្សាហកម្មនៅក្នុងស្ថាប័ន។

ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី AI ត្រូវបានបង្ហាញតាមរយៈគំនិតផ្តួចផ្តើមផ្សេងៗ ដូចជាកម្មវិធី «AI Untuk Rakyat» ក្នុងគោលបំណងបង្កើនការយល់ដឹងជាសាធារណៈអំពីបច្ចេកវិទ្យា និងកម្មវិធី AI Sandbox 2024 ដែលកំណត់គោលដៅបង្កើតក្រុមហ៊ុន AI ថ្មីចំនួន៩០០ និងបញ្ញាវ័ន្តថ្មីចំនួន ១៣.០០០នាក់ នៅត្រឹមឆ្នាំ២០២៦។

នៅក្នុងព្រឹត្តិការណ៍នោះ លោកនាយករដ្ឋមន្ត្រី អាន់វ៉ា ក៏បានដាក់ចេញនូវផែនទីបង្ហាញផ្លូវបញ្ញាវ័ន្ត AI សម្រាប់ម៉ាឡេស៊ីឆ្នាំ២០២៤-២០៣០ មហាវិទ្យាល័យ AI នៃសាកលវិទ្យាល័យបច្ចេកវិទ្យាម៉ាឡេស៊ី (UTM) និងសមាគម AI ម៉ាឡេស៊ី (MAIC) ជាដើម។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.