អ្នកនាំពាក្យរបស់លោកបាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អានតូញ៉ូ ហ្គូធឺរេស (Antonio Guterres) បានថ្កោលទោសការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធាដ៏អាក្រក់របស់ប្រទេសកូរ៉េខាងជើងក្នុងសប្តាហ៍នេះ ហើយបានអំពាវនាវឱ្យប្រទេសនេះត្រឡប់ទៅការសន្ទនាវិញ ។

លោក ស្តេហ្វេន ឌូចារីក (Stephane Dujarric) អ្នកនាំពាក្យបានចេញសេចក្តីថ្លែងការណ៍មួយស្តីពីជំហររបស់លោក ហ្គូធឺរេស ទាក់ទងនឹងការបាញ់បង្ហោះរបស់ប្រទេសកូរ៉េខាងជើង។

លោក ឌូចារីក បាននិយាយថា «លោក ហ្គូធឺរេស បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបយោធាមួយផ្សេងទៀត ដោយប្រើបច្ចេកវិទ្យាមីស៊ីលផ្លោងរបស់ប្រទេសកូរ៉េខាងជើង» ។

លោកបានបន្ថែមថា «រាល់ការបាញ់បង្ហោះរបស់ប្រទេសកូរ៉េខាងជើងដោយប្រើបច្ចេកវិទ្យាមីស៊ីលផ្លោង គឺផ្ទុយទៅនឹងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ» ។

ប្រទេសកូរ៉េខាងជើងបានសារភាពថា ការប៉ុនប៉ងចុងក្រោយបំផុតរបស់ខ្លួនក្នុងការបាញ់បង្ហោះផ្កាយរណបមួយបានបញ្ចប់ដោយការបរាជ័យ ដោយសារតែការផ្ទុះលើអាកាសនៃគ្រាប់រ៉ុក្កែតដឹកជញ្ជូនអំឡុងពេលហោះហើរក្នុងដំណាក់កាលដំបូង។

ប្រទេសកូរ៉េខាងជើងមានគម្រោងបាញ់បង្ហោះផ្កាយរណបចំនួន ៣ក្នុងឆ្នាំនេះ។ ប្រទេសនេះបានដាក់ផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួនដោយជោគជ័យទៅកាន់គន្លងរបស់វាក្នុងខែវិច្ឆិកា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.