ប្រភពការទូតរបស់ក្រុមប្រឹក្សាសន្តិសុខ បានប្រាប់សារព័ត៌មានតាសស៍ (TASS) ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បើកកិច្ចប្រជុំជាបន្ទាន់មួយកាលពីថ្ងៃទី២៨ ខែឧសភា ស្តីពីការវាយប្រហារដោយគ្រាប់មីស៊ីលរបស់កងកម្លាំងអ៊ីស្រាអែល (IDF) នៅឯជំរុំតង់មួយក្នុងទីក្រុងរ៉ាហ្វាហ៍ ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់។

ប្រភពនោះបាននិយាយថា «កាលពីល្ងាចថ្ងៃអង្គារ កិច្ចប្រជុំពិគ្រោះយោបល់បិទទ្វារមួយបានប្រព្រឹត្តទៅ ក្រោមការស្នើសុំរបស់ប្រទេសអាល់ហ្សេរី»។

កាលពីល្ងាចថ្ងៃអាទិត្យសប្តាហ៍មុន យោធាអ៉ីស្រាអែលបានធ្វើការវាយប្រហារទៅលើតំបន់រ៉ាហ្វាហ៍ ដែលយ៉ាងហោចណាស់គ្រាប់មីស៊ីលចំនួន ៨គ្រាប់បានវាយប្រហារជំរុំតង់មួយនៅតំបន់តាល់ អាល់-ស៊ុលតង់ ក្បែរឃ្លាំងរបស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតតំបន់បូព៌ា (UNRWA)។

យោងតាមរបាយការណ៍ចុងក្រោយបំផុតបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៤០នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនជាស្ត្រី និងកុមារ។

ការិយាល័យសារព័ត៌មាន IDF បាននិយាយថា បរិធានអគ្គសេនាធិការ បានផ្តួចផ្តើមការស៊ើបអង្កេតទៅលើការស្លាប់របស់ជនស៊ីវិលនៅក្នុងតំបន់ដែលរងការវាយប្រហារនោះ។

កាលពីថ្ងៃទី២៤ ខែឧសភា តុលាការអន្តរជាតិរបស់អង្គការសហប្រជាជាតិ បានសម្រេចថា អ៉ីស្រាអែលត្រូវតែបញ្ឈប់ការវាយលុកទៅលើទីក្រុងរ៉ាហ្វាហ៍ និងសកម្មភាពផ្សេងទៀតដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ប្រជាជនក្នុងទីក្រុង។ តុលាការ​ក៏​បាន​តម្រូវឱ្យ​អ៊ីស្រាអែល​រក្សា​ប៉ុស្តិ៍​ត្រួតពិនិត្យរ៉ាហ្វាហ៍ឱ្យនៅបើកដំណើរការ​សម្រាប់​ការ​ផ្តល់​ជំនួយ​ដល់​ប្រជាជន​ប៉ាឡេស្ទីនផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.