ក្នុងឱកាសអនុញ្ញាតឱ្យ ប្រតិភូសមាគមសិល្បករខ្មែរ ដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា “យើងអភិរក្សរបស់មានស្រាប់ និង ខិតខំឆ្នៃប្រឌិតថ្មី។ សម័យយើងនេះ ការការពារកម្មសិទ្ធិបញ្ញា មិនងាយស្រួលទេ ដោយសារការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យា។ បញ្ហាប្រឈមធំ នៅពេលខាងមុខ គឺ បញ្ញាសិប្បនិម្មិត (AI) ដែល ជំនួសការងារមនុស្សកាន់តែច្រើនឡើង។”

សម្តេចបានគូសបញ្ជាក់ថា “ខ្មែរយើងរក្សាអត្តសញ្ញាណរបស់យើងបាន ដោយសារ កាលពីសម័យបារាំង ទីអារាម និង ព្រះបរមរាជវាំង គឺជាទីដែលរក្សាកេរដំណែល វប្បធម៌មរតកជាតិ ហើយ ទោះខ្មែរក្រហមបានបំផ្លាញយ៉ាងណាក្តី ក៏យើងបានគាស់យកមកវិញ នូវវប្បធម៌ និង សិល្បៈ ដូចជា ពិធីអាពាហ៍ពិពាហ៍ …។ ការការពារសិល្បៈ និង វប្បធម៌ គឺជាកាតព្វកិច្ចរបស់យើង។”

សម្តេចបានលើកឡើងទៀតថា ចាប់ផ្តើម អាណត្តិថ្មី សិល្បករជាច្រើន បានមើលឃើញថា សមាគមមានភាពរឹងមាំ សាមគ្គីភាព និងមានរចនាសម្ព័ន្ធដឹកនាំ និង មានលទ្ធភាពអាចជួយគេ។ នៅក្នុងចំណុចនេះ មិនគួរគិតថា សមាគមសិល្បករខ្មែរ ជាសមាគមសប្បុរសធម៌ទេ។

ឆ្លៀតនាឱកាសនោះ សម្តេចបានផ្តល់អនុសាសន៍ឱ្យរកវិធីសាស្ត្រជួយពង្រឹងតួនាទីរបស់សិល្បករសម្រាប់រយៈពេលវែង ដូចជា ជួយដល់ការបណ្តុះបណ្តាលកូនសិល្បករ ហើយ នៅពេលរៀនចប់ ជួយពួកគេក្នុងការរកការងារធ្វើ។ “យើងចង់បណ្តុះបណ្តាល កុំឱ្យសិល្បករខ្វះអ្នកបន្តវេន ឬ អ្នកទ្រទ្រង់ជំនាន់ក្រោយ។ សមាគម គួររៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ លើជំនាញនីមួយ រួមទាងប្រធានបទក្រមសីលធម៌វិជ្ជាជីវៈ”។

សម្តេចតេជោ បានណែនាំឱ្យ ពិនិត្យលក្ខខណ្ឌឡើងវិញ ដើម្បីរក្សានូវតម្លៃសិល្បករ សិល្បការិនីរបស់យើង។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវពិនិត្យកំណត់លក្ខណវិនិច្ឆ័យ ហើយ សមាគមយកទៅអនុវត្ត។ សកម្មភាពសង្គម សេដ្ឋកិច្ច ឆ្លុះបញ្ចាំងតាមសកម្មភាពវប្បធម៌។ ក្រសួងវប្បធម៌ ត្រូវជំរុញឱ្យមានការកសាងក្របខ័ណ្ឌ បែបបទគតិយុត្តសមាគម ឱ្យបានគ្រប់គ្រាន់ ដូចសុភាសិតមួយចែង ថា “បើឈរមិនទាន់រឹង កុំរត់”។ ក្រសួងវប្បធម៌ ត្រូវគិតការកត់ត្រាទុក មូដសំលៀកបំពាក់ខ្មែរ តាមជំនាន់នីមួយៗ។ ការកែឆ្នៃថ្មី ត្រូវអនុញ្ញាតដល់កម្រិតណាមួយ និង ត្រូវចុះបញ្ជីទាំងអស់។ ការចុះបញ្ជី គឺ កុំឱ្យកូនចៅជំនាន់ក្រោយ ច្រឡំ។ នេះហើយជា ការអភិរក្ស ដើម្បី អភិវឌ្ឍ និង ការអភិវឌ្ឍ ដើម្បីអភិរក្ស។ ប្រទេសមួយ រីកលូតលាស់ ទាល់តែមានគ្រប់វិស័យលូតលាស់ រួមទាំង សិល្បៈ។”

ប្រភព​៖ ក្រសួងព័ត៌មាន

Share.

Comments are closed.