កូរ៉េខាងជើងបានថ្កោលទោសចិន ជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការប្តេជ្ញាចិត្តរួមគ្នាលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ដោយពណ៌នាអំពីសេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំងបី បន្ទាប់ពីកិច្ចប្រជុំកំពូលដ៏កម្រមួយនៅទីក្រុងសេអ៊ូលថាជា “ការបង្ក ហេតុនយោបាយធ្ងន់ធ្ងរ” ដែលរំលោភលើអធិបតេយ្យភាពរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការពិភាក្សាបែបនេះគឺជា “ការប្រមាថមិនអាចអត់ឱនបាន និងជាសេចក្តីប្រកាសសង្រ្គាមប្រឆាំងនឹងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (DPRK)”។ អ្នកនាំពាក្យដដែលបានបន្ថែមថា “ការពិភាក្សាអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ គឺជាការបង្កហេតុនយោបាយធ្ងន់ធ្ងរ និងរំលោភលើអធិបតេយ្យភាព” ហើយថា ការបោះជំហានបែបនេះបានបដិសេធអធិបតេយ្យភាពដែលមិនអាចរំលោភបានរបស់កូរ៉េខាងជើង និងរដ្ឋធម្មនុញ្ញដែលឆ្លុះបញ្ចាំងពីឆន្ទៈឯកច្ឆ័ន្ទរបស់ប្រជាជនកូរ៉េទាំងអស់។

ទោះបីជាលោក Li Qiang នាយករដ្ឋមន្ត្រីចិន មិនបានរិះគន់កូរ៉េខាងជើងដោយផ្ទាល់ក៏ដោយ ក៏លោកបានអំពាវនាវដល់ភាគីទាំងអស់ឱ្យកាត់បន្ថយភាពតានតឹង។ ខណៈដែលលោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង និងលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានជំរុញឱ្យទីក្រុងព្យុងយ៉ាងលុបចោលផែនការរបស់ខ្លួនក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មទីពីរទៅកាន់គន្លងផែនដី ប៉ុន្តែលោក Li មិនបានលើកឡើងពីការបាញ់បង្ហោះដែលរំពឹងទុកនោះទេ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.