ការិយាល័យប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតី លោក យូន ស៊ុកយុល (Yoon Suk Yeol) បានជួបជាមួយអតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ (Mike Pompeo) ដើម្បីពិភាក្សាអំពីបញ្ហាជុំវិញឧបទ្វីបកូរ៉េ ក៏ដូចជាសម្ព័ន្ធភាពទីក្រុងសេអ៊ូល-វ៉ាស៊ីនតោន។

ក្នុងអំឡុងពេលកិច្ចប្រជុំដែលធ្វើឡើងនៅទីក្រុងសេអ៊ូលជាមួយលោក ប៉ុមប៉េអូ ដែលបានបម្រើការជាអ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ លោក យូន បានស្នើឱ្យលោកបន្តយកចិត្តទុកដាក់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកូរ៉េខាងត្បូង ក្នុងការស្វែងរកសន្តិភាពនៅលើឧបទ្វីបកូរ៉េដែលគាំទ្រដោយសម្ព័ន្ធមិត្តដ៏រឹងមាំ។

លោក យូន ក៏បានបង្ហាញពីឆន្ទៈក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកលើប្រទេសកូរ៉េខាងជើង និងបន្តកិច្ចសហប្រតិបត្តិការត្រីភាគីឱ្យកាន់តែជិតស្និទ្ធជាមួយប្រទេសជប៉ុន។

ជាការឆ្លើយតប លោក ប៉ុមប៉េអូ ត្រូវបានដកស្រង់សម្តីដោយការិយាល័យប្រធានាធិបតី ដោយនិយាយថា សម្ព័ន្ធភាពរវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន កាន់តែរឹងមាំក្រោមការដឹកនាំរបស់លោក យូន ដែលជារដ្ឋបាលមានគុណតម្លៃរួមជាមួយសហរដ្ឋអាមេរិក។

លោក ប៉ុមប៉េអូ បានបន្ថែមថា លោកសង្ឃឹមថា សម្ព័ន្ធភាពនឹងបន្តការអភិវឌ្ឍដោយមិនគិតពីស្ថានភាពនយោបាយនៅក្នុងសហរដ្ឋអាមេរិក ហើយសូមជូនពរឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែជិតស្និទ្ធ ក៏ដូចជាការពង្រឹងទំនាក់ទំនងត្រីភាគីទាក់ទងនឹងបញ្ហារបស់ប្រទេសកូរ៉េខាងជើងផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.