ការអនុវត្តកសិកម្មចម្រុះតាមបច្ចេកទេស អាចជួយឱ្យកសិករចំណេញទាំងសុខភាពនិងលើកកម្ពស់ជីវភាពឱ្យមានភាពល្អប្រសើរ ថែមទាំងអាចពង្រីកការដាំដុះ និងលក់កសិផលទៅលើទីផ្សារដើម្បីរកចំណូលប្រចាំថ្ងៃបានដោយមិនបាច់ធ្វើចំណាកស្រុក។

លោកស្រី សួស សារ៉េត សមាជិកក្នុងគម្រោងលើកកម្ពស់សន្តិសុខស្បៀងអាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារក្រីក្ររបស់អង្គការ Helen Keller រស់នៅភូមិត្រពាំងថ្ម ឃុំល្បើក ស្រុកឈូក ខេត្តកំពតបានឱ្យដឹងថា តាមរយៈការចូលរួមជាសមាជិកក្នុងគម្រោងនេះ អ្នកស្រីទទួលបានផលចំណេញច្រើន ទាំងផ្នែកបច្ចេកទេស រាប់ចាប់ពីការបណ្ដុះ បណ្ដាលពីការជ្រើសរើសពូជ ការផលិតជី ការដាំ និងថែទាំបន្លែ ការស្រោចស្រព ទទួលបាននូវពូជបន្លែ ជីធម្មជាតិ ដែលអ្នកស្រីអាចដាំបន្លែហូបខ្លួនឯងបានគ្រប់គ្រាន់ និងអាចលក់កសិផលរកចំណូលបានដោយមិនចាំបាច់ទៅទីក្រុងដើម្បីស៊ីឈ្នួលគេធ្វើការដូចមុននោះទេ។ លោកស្រី បានបន្តថា មិនត្រឹមតែការដាំដុះទទួលបានទន្និផលល្អប៉ុណ្ណោះទេ លោកស្រីក៏ទទួលបានបច្ចេកទេសត្រឹមត្រូវ ក្នុងការផលិតជីធម្មជាតិសម្រាប់ដាក់ទៅលើដំណាំរបស់លោកស្រីផងដែរ ដោយបានជួយកាត់បន្ថយការចំណាយ ជាពិសេសនោះជួយថែរក្សាសុខភាពឱ្យបានល្អប្រសើរផងដែរ ។

« ដាំបន្លែធម្មជាតិខ្លួនឯងយើងហូបទៅសុខភាពល្អអត់មានឈឺក្រពះ អត់មានរាករូស និងជំងឺអ្វីនោះទេ ដូចពីមុនយើងហូបបន្លែគេតែខុសយើងរាករូស ហើយដែលយើងមានបន្លែធម្មជាតិហូបខ្លួនឯងយើងអត់មានជួបបញ្ហាអ្វីច្រើនទេ ជួយទាំងប្រាក់ចំណូលយើងជួយទាំងសុខភាពយើងព្រោះបន្លែយើងដាំផ្ទាល់ដៃយើងហូបខ្លួនឯង។ ខ្ញុំចង់ឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជាងាកធ្វើការដាំដុះបែបធម្មជាតិឈប់ប្រើជីគីមីងាកមកដាំបន្លែធម្មជាតិទាំងអស់គ្នា»។

គួរជម្រាបថា ដំណាំបន្លែជាដំណាំមួយដើរតួនាទីយ៉ាងសំខាន់ជួយបង្កើននូវសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារ បើប្រៀបធៀបនឹងដំណាំផ្សេងៗ ។ បច្ចុប្បន្នសង្កេត ឃើញថាប្រជាពលរដ្ឋ បានងាកមកគាំទ្របន្លែក្នុងស្រុកច្រើន ជាងបន្លែនាំមកពីខាងក្រៅប្រទេស ព្រោះប្រជាពលរដ្ឋកាន់តែយល់អំពីគ្រោះថ្នាក់ ចំពោះសុខភាព ដែលបណ្តាលមកពីការទទួលទានបន្លែដែលប្រើជីគីមី និង ថ្នាំពុល កសិកម្មច្រើនហួសកម្រិត។ ជាងនេះទៅទៀត ប្រជាកសិករនៅគ្រប់មូលដ្ឋានត្រូវយល់ដឹងពីការជ្រើសរើសពូជដំណាំណា ដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងបច្ចេកទេសដាំដុះ បច្ចេកទេស ប្រើប្រាស់ជីធម្មជាតិ ដើម្បីជួយផ្ដល់សំណើមបានយូរ និងបន្សាំខ្លួន ទៅនឹងបរិយាកាសប្រែប្រួល៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.