ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីស្ថានភាពជាក់ស្ដែងរបស់សកលលោក ដែលប្រទេសនីមួយៗកំពុងតែខិតខំអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស ដែលតម្រូវឱ្យយើងទាំងអស់គ្នាត្រៀមខ្លួនឱ្យបានល្អក្នុងការចាប់យកជំនាញសតវត្សទី២១។

ការលើកឡើងរបស់ឯកឧត្តម បានធ្វើឡើងនៅក្នុងឱកាស ទទួលជួបសម្ភាសន៍ជាមួយសារព័ត៌មាន South China Morning Post ស្ដីពីការអប់រំផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) នៅប្រទេសកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

ក្នុងន័យនោះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានចែករំលែកចំណុចអាទិភាពមួយចំនួន ដែលកម្ពុជាបាន នឹងកំពុងអនុវត្ត ៖ (១) ការខិតខំប្រឹងប្រែងក្នុងការពង្រីកសេដ្ឋកិច្ច ដោយជ្រើសរើសធនធានមនុស្សឱ្យបានត្រឹមត្រូវ (២) ទាក់ទាញវិនិយោគិនបរទេស ដើម្បីបង្កើតឱកាសការងារឱ្យបានទូលំទូលាយ (៣) ការដាក់បញ្ចូលនូវបច្ចេកវិទ្យាថ្មីៗ និងមុខវិជ្ជា STEM នៅក្នុងកម្មវិធីសិក្សាដើម្បីលើកកម្ពស់វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (៤) ការលើកកម្ពស់ស្ដង់ដារសាលារៀន (៥) ការលើកកម្ពស់ការសិក្សាភាសាបរទេស ដើម្បីធ្វើឱ្យយុវជនកម្ពុជាមានសមត្ថភាពពេញលេញក្នុងការប្រកួតប្រជែងក្នុងទីផ្សារការងារក្នុងតំបន់ និងសកលលោក (៦) ការដោះស្រាយបញ្ហាដែលកំពុងកើតមានឡើងក្នុងសង្គម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប (៧) ការធ្វើបរិវត្តកម្មក្នុងវិស័យអប់រំ ដោយរៀបចំកម្មវិធីសិក្សាស្របតាមបច្ចេកវិទ្យាថ្មីៗ និង (៨) ការអភិវឌ្ឍប្រកបដោយចីរភាព ដែលស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានលើកឡើងបន្ថែមថាពីការរៀបចំសាលារៀនឆ្លាតវៃនៅតាមសាលាគោលដៅ និងបានលើកកម្ពស់ភាពជដៃគូរវាងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន ដើម្បីពិនិត្យមើលលើតម្រូវការជំនាញបច្ចេកទេសនៅក្នុងទីផ្សារ៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.