អនុប្រធានាធិបតីអ៊ីរ៉ង់ លោកម៉ូហ៍សេន ម៉ាន់ស៊ូរី (Mohsen Mansouri) បានបញ្ជាក់កាលពីព្រឹកថ្ងៃទី២០ ខែឧសភាម្សិលមិញនេះដល់ប្រព័ន្ធផ្សព្វផ្សាយថា លោក រ៉ៃស៊ី (Raisi) និងគណៈប្រតិភូរបស់លោក ដែលរួមមានទាំងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហូសសេន អាមៀអាប់ដុលឡាហៀន (Hossein Amirabdollahian) បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅភាគពាយ័ព្យក្នុងប្រទេសអ៊ីរ៉ង់។

ប្រទេសអ៊ីស្រាអ៊ែល មិនពាក់ព័ន្ធនឹងការស្លាប់របស់ប្រធានាធិបតីអ៊ីរ៉ង់លោក អេប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) នោះទេ។ នេះបើយោងតាមសារព័ត៌មានរ៉យទ័រស៍បានរាយការណ៍កាលពីថ្ងៃចន្ទម្សិលមិញ ដោយដកស្រង់សម្តីរបស់មន្ត្រីអ៊ីស្រាអែលម្នាក់។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលនៅមជ្ឈិមបូព៌ាបានកើនឡើង បន្ទាប់ពីការវាយប្រហារដោយទីក្រុងតេលអាវីវទៅលើស្ថានទូតអ៊ីរ៉ង់ក្នុងប្រទេសស៊ីរី ដោយបានបំផ្លាញកន្លែងការទូត និងបានសម្លាប់សមាជិកចំនួន ៧នាក់នៃកងឆ្មាំបដិវត្តន៍វរជន។ ម៉្យាងវិញទៀតប្រទេសអ៊ីរ៉ង់បានបញ្ចេញការវាយប្រហារសងសឹកទៅលើអ៊ីស្រាអែលដោយបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការជ្រាបចូលប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន។

រុស្ស៊ី បានសម្តែង ការព្រួយបារម្ភថា ជម្លោះ រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល អាចនឹងឈានដល់ សង្រ្គាមដ៏ធំមួយ ហើយបានជំរុញឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.