យើងត្រូវតែធានាថា ការបង្រៀនប្រវត្តិសាស្ត្រ ត្រូវបានដាក់បញ្ចូលយ៉ាងត្រឹមត្រូវ នៅក្នុងកម្មវិធីសិក្សារបស់សាលារដ្ឋ និង ឯកជន,ចាប់ពីអនុវិទ្យាល័យរហូតដល់សាកលវិទ្យាល័យ, ហើយគ្រូបង្រៀនទាំងអស់របស់យើង អាចចូលរួមជាកម្លាំង ដើម្បីផ្សព្វផ្សាយការអប់រំពីអំពើប្រល័យពូជសាសន៍ នៅក្នុងសាលារៀនទូទាំងប្រទេស។ នេះជាការថ្លែងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីបើកសន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ សម្រាប់ទិវាចងចាំ ២០ ឧសភា ដែលបានប្រារព្ធធ្វើឡើងនៅបញ្ជាការដ្ឋានកងទ័ពជើងគោក (អតីតសាលាក្តីខ្មែរក្រហម) នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្ថែមថា ការអប់រំពីអំពើប្រល័យពូជសាសន៍ មិនចាំបាច់កំណត់ត្រឹមតែមេរៀនប្រវត្តិសាស្ត្រនោះទេ ។ យើងក៏អាចបញ្ចូលទៅក្នុងមុខវិជ្ជាគ្រប់ប្រភេទ ចាប់ពីសីលធម៌ និង អក្សរសាស្ត្រខ្មែររហូតដល់ការសិក្សាពីភាពជាអ្នកដឹកនាំ និង ការអភិវឌ្ឍជំនាញទន់ផ្សេងទៀតផងដែរ។ យើងក៏អាចស្វែងរកវិធីច្នៃប្រឌិតផ្សេងៗ ដើម្បីរៀបរាប់រឿងរ៉ាវពិបាកទាំងនេះ ទៅកាន់មនុស្សដែលមានវ័យ និង ជំនាន់ផ្សេងគ្នា រួមមាន តាមរយៈសិល្បៈ, មាតិកាឌីជីថល ឬ គំនូរជីវចល ជាដើម។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា កាតព្វកិច្ចលើកកម្ពស់ការអប់រំពីអំពើប្រល័យពូជសាសន៍គឺជារបស់កាតព្វកិច្ចរបស់យើងទាំងអស់គ្នា មិនមែនតែរាជរដ្ឋាភិបាលម្នាក់ឯងនោះទេ។ សន្និសីទថ្ងៃនេះ គឺជាគំរូដ៏ប្រសើរ នៃកិច្ចសហប្រតិបត្តិការល្អ និង សាមគ្គីភាព រវាងតួអង្គពាក់ព័ន្ធផ្សេងៗ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) ដែលបានជួយរាជរដ្ឋភិបាល ក្នុងការដាក់បញ្ចូលការបង្រៀនអំពីប្រវត្តិសាស្ត្រនៃអំពើប្រល័យពូជសាសន៍ ទៅក្នុងការអភិវឌ្ឍវិជ្ជាជីវៈ និង ស្ថាប័ន និង សម្រាប់សកម្មភាពផ្សព្វផ្សាយក្នុងមជ្ឈដ្ឋានជាតិ និង អន្តរជាតិ ដោយប្រើប្រាស់ប្រវត្តិសាស្ត្រ ដើម្បីត្រិះរិះពិចារណា និង បំផុសគំនិត សម្រាប់អនាគតកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.