ព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រទេសសមាជិកទាំងអស់បោះឆ្នោតគាំទ្រជាឯកឆន្ទ ក្លាយជាសមាជិកពេញសិទ្ធ (សមាជិកទី១៤១) របស់ក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិ (CISM) ក្នុងឱកាសមហាសន្និបាតនិងសន្និបាតលើកទី៧៩ (the 79th CISM General Assembly & Congress) នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុង Dar es Salaam ប្រទេសតង់ហ្សានី។

សូមបញ្ជាក់ថា នៅថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសតង់ហ្សានី ឧត្តមសេនីយ៍ទោ ខូវ ឆាយ អនុប្រធាន-អគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ តំណាងប្រតិភូក្រុមប្រឹក្សាកីឡា ខ. ភ. ម. នៃក្រសួងការពារជាតិ អមដំណើរដោយឧត្តមសេនីយ៍ត្រី សៀន សុភក្ត្រ អគ្គលេខាធិការរង-ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា ខ. ភ. ម. និងជានាយករងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ , នាយទោ កៅ  សុភា ជំនួយការការិយាល័យឃោសនា ផ្សព្វផ្សាយមជ្ឈមណ្ឌលកីឡាខ.ភ.ម និង, ពលឯក អ៊ីត ហាហ្វីស ជំនួយការឧត្តមសេនីយ៍ទោ នាយកមជ្ឈមណ្ឌលកីឡា ខ. ភ. ម. បានចូលរួមព្រឹត្តិការណ៍ក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិ (CISM) សន្និបាត និងមហាសន្និបាតក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិលើកទី៧៩។

ការចូលជាសមាជិកក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិនេះ នឹងផ្តល់ឱកាសឱ្យកងយោធពលខេមរភូមិន្ទ្ទ បានបង្ហាញមុខមាត់លើឆាកអន្តរជាតិ តាមរយៈការចូលរួមព្រឹត្តិការណ៍នានារបស់ស្ថាប័នកីឡាកងទ័ពកម្រិតពិភពលោកមួយនេះ ព្រមទាំងផ្តល់ឱកាសឱ្យកងទ័ពកម្ពុជា ចូលរួមថែរក្សាសន្តិភាព រឹតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិ រវាងកងទ័ពនឹងកងទ័ព ជាមួយប្រទេសសមាជិកទាំង១៤០ ហើយឆ្លុះបញ្ចាំងពីសមិទ្ធផលរបស់កម្ពុជាលើឆាកអន្តរជាតិ និងការផ្សព្វផ្សាយវិស័យទេសចរណ៍ឱ្យអន្តរជាតិបានយល់ និងស្គាល់កម្ពុជាបានកាន់តែច្បាស់ ក្រោមដំបូលនិងផ្លែផ្កានៃសុខសន្តិភាព។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.