អគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ បានបង្ហាញពីឱកាសសិក្សាជំនាញបច្ចេកទេសដល់ពលការិនីចំនួន ២៤នាក់ ដែលទើបត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត។ ការផ្សព្វផ្សាយឱកាសសិក្សាជំនាញបច្ចេកទេសដល់ពលការិនីនេះ ក្នុងគោលបំណងឲ្យពលការិនីមានជំនាញមួយពិតប្រាដក មានការងារធ្វើ មានចំណូលសមរម្យ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញពីឱកាសសិក្សាជំនាញបច្ចេកទេសដោយឥតគិតថ្លៃ រៀនរយៈពេល ៤ខែចប់ និងទទួលបានប្រាក់ឧត្ថម្ភ ២៨ ម៉ឺនរៀលសម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដល់ពលការិនីចំនួន ២៤នាក់ ដែលទើបត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ខណៈក្រុមពលការិនី និងក្រុមគ្រួសារ សាច់ញ្ញាត្តិ ពលការិនី សុទ្ធតែបានបង្ហាញនូវការចាប់អារម្មណ៍ ក្នុងការសិក្សាជំនាញបច្ចេកទេសដែលមន្រ្តីក្រសួងបានណែនាំ។ «វាល្អ…ខ្ញុំអរ រំភើបប្រៀបមិនបានទេ»។ នេះជាការលើកឡើងរបស់ក្រុមគ្រួសារ សាច់ញាត្តិរបស់ពលការិនី។

សូមបញ្ជាក់ថា នៅចុងឆ្នាំ២០២៣ អគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់លើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ផ្ដល់ឱកាសឲ្យគ្រួសារក្រីក្រ និងងាយរងហានិភ័យបានទទួលការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈលើជំនាញទាំង៣៨ នៅទូទាំងប្រទេស ដោយឥតគិតថ្លៃ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.