នាព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារ Lotte Hotel World លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម CHEONG Inkyo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ បានចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការចម្រុះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA)។ គណៈប្រតិភូកម្ពុជាត្រូវបានចូលរួម ដោយក្រសួងស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

ឯកឧត្តម CHEONG Inkyo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានលោកជំទាវរដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជា ព្រមទាំងកត់សម្គាល់លទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជារួមរវាងប្រទេសទាំងពីរ ក៏ដូចជាលទ្ធផលដ៏គួកត់សម្គាល់ពីការអនុវត្តកិច្ចព្រមព្រៀង CKFTA។

លោកជំទាវរដ្ឋមន្រ្តី បានឯកភាពជាមួយការកត់សម្គាល់របស់ភាគីកូរ៉េ ព្រមទាំងបង្ហាញសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀង CKFTA នឹងក្លាយជាយន្តការមួយដ៏មានសារៈសំខាន់ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត។

កិច្ចប្រជុំលើកទី១ នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាតាមដានវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្ម រវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ បន្ទាប់ពីការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ចាប់តាំងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ មក។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.