នៅទីស្តីការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងសហការី​ បានអញ្ជើញចូលរួមកិច្ច​ប្រជុំស្តីពីការ​កសាងកម្មវិធីសហប្រតិបត្តិការ​លើវិស័យ​ធនធាន​ទឹក​ និង​វិស័យ​​នានា​របស់​រាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា​ ក្រោមអធិបតីភាព​ឯកឧត្តម​ រស់​ សីលវ៉ា​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។​

សូមជម្រាបថា​ កិច្ចប្រជុំ​ដែលរៀបចំដោយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ក្នុងបេសកកម្ម​កសាង​កម្មវិធី​សហប្រតិបត្តិការ​លើគ្រប់វិស័យ​នាពេលនេះ​មានការចូលរួមពីឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ តំណាងមកពីបណ្តា​​​ក្រសួង​ស្ថាប័ន​រដ្ឋ​ទាំងអស់​របស់​រាជរដ្ឋាភិបាល នៃព្រះរាជាណា​ចក្រ​កម្ពុជា​​។

ឯកឧត្តម​រដ្ឋលេខាធិការ​បានឱ្យដឹងថា​ ក្រោមកិច្ចសហប្រតិបត្តិការដ៏រឹងមាំប្រកបដោយនិរន្តរភាព​​រវាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB) បាន​ធ្វើឱ្យ​ការកសាងនូវយុទ្ធសាស្រ្តដៃគូ (CPS) និង​​ផែនការងារអភិវឌ្ឍន៍​លើគ្រប់វិស័យរបស់ប្រទេសកម្ពុជាកើនឡើងដល់កម្រិតល្អប្រសើរ​។

ទន្ទឹមនឹងនេះ​ ឯកឧត្តម​រដ្ឋលេខាធិការ​បានឱ្យដឹងបន្ថែមទៀត​ថា​ តាមរយៈកិច្ចសហប្រតិបត្តិ​ការដ៏ល្អនេះ​នឹងធ្វើឱ្យ​ប្រទេសកម្ពុជាឈានឡើងមួយជំហានទៀត​ ក្នុងការប្រើប្រាស់ហិរញ្ញប្បទានតាមបែប MFF ដើម្បីអនុវត្តន៍​ជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី​ ជាពិសេសការវិនិយោគលើវិស័យគ្រប់គ្រងធនធានទឹកដោយវិធានការចម្រុះ និងកិច្ចប្រតិបត្តិការការពារទឹកជំនន់គ្រប់ប្រភេទ ព្រមទាំង​ចាត់វិធានការដោយប្រសិទ្ធភាពខ្ពស់បំផុតលើការកាត់បន្ថយគ្រោះរាំងស្ងួតក្នុងក្របខ័ណ្ឌទូទាំងប្រទេស​ និងការអនុវត្តយុទ្ធសាស្រ្តការពារកុំឱ្យ​កើតមាននូវគ្រោះមហន្តរាយនានាដែលបង្កឡើងដោយសារទឹកផងដែរ។

ឯកឧត្តម​រដ្ឋលេខាធិការបាន​បញ្ជាក់​ឱ្យដឹងថា ឯកឧត្តម Jiang Feng Zhang ប្រធានប្រតិបត្តិការភូមិភាគអាស៊ីអគ្នេយ៍​របស់ស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី​​ប្រចាំប្រទេស​ហ្វីលីពីន​ និងលោកជំទាវ Jyotsana Verma ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី​​ប្រចាំប្រទេសកម្ពុជា​នឹងសុំជួបរាយការណ៍​លម្អិតលើបណ្តាកម្មវិធីខាងលើជូនឯកឧត្តម​ដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម នៅ​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.