នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើក “កិច្ចសន្ទនាគោលនយោបាយស្តីពី សុវត្ថិភាពចរាចរណ៍សម្រាប់កុមារ និងក្មេងជំទង់នៅកម្ពុជា” ដោយមានការចូលរួមពី លោកបណ្ឌិត Will Parks នាយកអង្គការយូនីសែហ្វ (UNICEF) ប្រចាំនៅកម្ពុជា ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ តំណាង UNICEF ពីទីស្នាក់ការកណ្តាល តំណាងវិទ្យាស្ថានសុខភាពសកល (TGI) អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន អ្នកស្រាវជ្រាវ និងអ្នកជំនាញផ្នែកសុខាភិបាល និងសុវត្ថិភាពចរាចរណ៍ សរុបប្រមាណ ៥០រូប។

កិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងប្រមូលធាតុចូលសំខាន់ៗពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពិសេសសម្រាប់កុមារ និងក្មេងជំទង់ សំដៅរួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈកិច្ចសន្ទនាគោលនយោបាយនាថ្ងៃនេះ នឹងផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធទាំងអស់ បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ពិសេសក្នុងចំណោមកុមារ និងក្មេងជំទង់ និងសំណើអនុសាសន៍គោលនយោបាយ និងវិធានការឆ្លើយតបទៅនឹងបញ្ហានេះ សំដៅរួម ចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក កាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកុមារ និងក្មេងជំទង់នៅកម្ពុជា តាមរយៈការដាក់ចេញ និងអនុវត្តវិធានការ គោលនយោបាយសុវត្ថិភាពចរាចរណ៍ប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.