នៅក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ លោក Hosaka Shin អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តរជាតិ ក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការចំពោះមុខរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន នាថ្ងៃ ទី៧ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបាន និងកំពុងជួយគាំទ្រដល់មាគ៌ាអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជាចាប់តាំងពីទសវត្សរ៍៩០ រហូតមកដល់បច្ចុប្បន្ន។

ឆ្លៀតនាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីស្ថានភាពនៃបរិស្ថានធុរកិច្ច និងបរិយាកាសវិនិយោគក្នុងតំបន់ និងសកល ដែលទាមទារឱ្យកម្ពុជា និងជប៉ុនខិតខំយកអស់កម្លាំងកាយចិត្តក្នុងការប្រែក្លាយបញ្ហាប្រឈមទៅជាឱកាសសម្រាប់ការរីកចម្រើនឆ្ពោះទៅមុខ។

ស្របជាមួយគ្នា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងការទាក់ទាញវិនិយោគពីជប៉ុនមកកម្ពុជាផងដែរ។

ក្នុងជំនួបនោះ លោកអនុរដ្ឋមន្ត្រី បានសម្តែងនូវបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជាដែលបានឆ្លៀតពេលវេលាដ៏មមាញឹកចូលជួបពិភាក្សាការងារជាមួយ METI។

លោកអនុរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការគាំទ្រសម្រាប់គំនិតផ្តួចផ្តើមដែលបានលើកឡើង និងបានបង្ហាញនូវសុទិដ្ឋិនិយមថាទំនាក់ទំនងរវាងស្ថាប័នទាំងពីរនឹងត្រូវបានតភ្ជាប់ឱ្យកាន់តែស្អិតល្មួតបន្ថែមមួយកម្រិតទៀត។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.