នាព្រឹកថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រចាំទីក្រុងហ្សឺណែវ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូកម្ពុជាបានជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិ លេខាធិការដ្ឋានកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (Enhanced Integrated Framework-EIF) នៃអង្គការ WTO និងលោក Aik Hoe Lim នាយកផ្នែកពាណិជ្ជកម្ម និងបរិស្ថាននៃអង្គការ WTO។

ឆ្លៀតនាឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា បច្ចុប្បន្ននេះក្រសួងពាណិជ្ជកម្មបាននិងកំពុងរៀបចំបង្កើតគណៈកម្មាធិការជំនួយពាណិជ្ជកម្ម សម្រាប់ការសម្របសម្រួលកាន់តែប្រសើរជាមួយម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដើម្បីប្រើប្រាស់ធនធានសម្រាប់ការអនុវត្តក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាក្នុងគោលបំណងអភិវឌ្ឍន៍ពាណិជ្ជកម្ម។

ក្នុងជំនួបនេះ លោកជំទាវ រដ្ឋមន្ត្រី បានលើកឡើងពីសមិទ្ធិផលសំខាន់ៗរបស់ EIF និងការគាំទ្រនាពេលបច្ចុប្បន្ន ដើម្បីបង្កើតក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ ដែលក្រសួងពាណិជ្ជកម្មបាននិងកំពុងដឹកនាំក្នុងការរៀបចំក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មសម្រាប់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងសម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ។

លោកបណ្ឌិត Adhikari បានស្វាគមន៍គណៈប្រតិភូកម្ពុជា និងបានកោតសរសើរដល់កម្ពុជា ក្នុងការអនុវត្តគម្រោង EIF ប្រកបដោយប្រសិទ្ធភាព។ លោកក៏បានលើកឡើងអំពីការគាំទ្រ EIF លើការបង្កើតក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាផងដែរ។

ក្នុងឱកាសនោះលោក Lim នាយកផ្នែកពាណិជ្ជកម្មនិងបរិស្ថាននៃ WTO បានជម្រាបផងដែរថា លេខាធិការដ្ឋាន WTO និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើឯកសារអនុស្សរណៈនៃការយោគយល់គ្នា (MoU) មួយដើម្បីជំរុញការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព តាមរយៈសមាហរណកម្មពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងបានត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសហប្រតិបត្តិការនានា។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.