នាព្រឹកថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) នៅទីក្រុងហ្សឺណែវ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Daren TANG អគ្គនាយកអង្គការ WIPO ដើមី្បពិភាក្សាការងារស្ដីពីកិច្ចសហប្រតិបត្តិការងារនានា។

នៅក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអង្គការ WIPO សម្រាប់ការគាំទ្រកម្ពុជាតាំងពីកម្ពុជាចូលជាសមាជិករបស់អង្គការនេះនៅឆ្នាំ១៩៩៥។

លោកជំទាវរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាយល់ពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញាក្នុងការជំរុញពាណិជ្ជកម្ម ក្នុងនោះរួមមានពាណិជ្ជកម្មទំនិញ សេវាកម្ម ការជំរុញធុរកិច្ចថ្មី និងសហគ្រាសមីក្រូ តូច និងមធ្យម និងវិនិយោគផ្ទាល់ពីបរទេស ការជំរុញនវានុវត្តន៍ និងការស្រាវជ្រាវនិងអភិវឌ្ឍន៍ តាមរយៈការផ្ទេរបច្ចេកវិទ្យាជាដើម។

ឯកឧត្តមអគ្គនាយក បានអបអរសាទរកម្ពុជាសម្រាប់កិច្ចខិតខំប្រឹងប្រែង ជាពិសេសក្នុងការចូលរួមលើកកម្ពស់កម្មសិទ្ធិបញ្ញានៅកម្ពុជានិងក្នុងតំបន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌។

ជាមួយគ្នានេះ ឯកឧត្តមបានលើកសរសើរពីវឌ្ឍនភាពនៃការធ្វើទីផ្សារទំនិញសម្គាល់ភូមិសាស្រ្តទំនិញ និងការវេចខ្ចប់មានការទាក់ទាញ ដែលបានប្រែក្លាយផលិតផលទាំងនោះក្លាយជាផលិតផលប្រណិត រួមមាន ផលិតផលម្រេចកំពត អំបិលកំពត-កែប ទឹកឃ្មុំមណ្ឌលគីរី។ល។ បន្ថែមពីនេះ ឯកឧត្តមអគ្គនាយកបានស្នើឱ្យកម្ពុជាចូលរួមអនុវត្តគម្រោងកម្មសិទិ្ធបញ្ញាមួយចំនួន ដែលមានរយៈពេល ៨-១២ ខែ ជាមួយក្រុមគម្រោងពិសេសរបស់អង្គការកម្មសិទិ្ធបញ្ញាពិភពលោកក្នុងការជំរុញពាណិជ្ជកម្មតាមរយៈកម្មសិទិ្ធបញ្ញា។

បានឆ្លៀតឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានស្នើឱ្យមានការជួយពិនិត្យនិងធ្វើវិសោធនកម្មច្បាប់ស្តីពីពាណិជ្ជសញ្ញា ការអនុវត្តគោលនយោបាយកម្មសិទិ្ធបញ្ញា គម្រោងកម្មសិទិ្ធបញ្ញា ការផ្សព្វផ្សាយពីអត្ថប្រយោជន៍កម្មសិទិ្ធបញ្ញាដល់សមាគមកសិកម្ម សមាគមធុរកិច្ច និសិ្សតសកលវិទ្យាល័យ។ល។

ប្រភព​៖ ក្រសួងព័ត៌មាន

Share.

Comments are closed.