ទិវាពិភពលោកខួបទី១៦១ កាកបាទក្រហម អឌ្ឍចន្ទក្រហម ខេត្តសៀមរាប ប្រមូលថវិកាមនុស្សធម៌ជាបឋមបាន ៤១២ ០៦៣ដុល្លា រួមជាមួយអង្ករ២តោន ទឹកបរិសុទ្ធ១៥០កេស។ ទិវាពិភពលោកមួយនេះត្រូវបានប្រារព្ធឡើងកាលពីថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅសាលសន្នីសីទសណ្ឋាគារ សុខា សៀមរាប ក្រោមប្រធានបទរួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើមី្បសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ក្រោមអធិបតីភាពរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តសៀមរាប និងលោកជំទាវ ទាង អេង ទៀសីហា និងទទួលបានការអញ្ជើញចូលរួមពីឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី កងកម្លាំង មន្ត្រីរាជការ អនុសាខាក្រុង ស្រុក សប្បុរសជន និងអង្គការដៃគូប្រមាណ៨០០នាក់។

ក្នុងអង្គពិធី ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប បានរាយការណ៍ពីលទ្ធផលសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហម អឌ្ឍចន្ទក្រហម ខេត្តសៀមរាបនៅក្នុងឆ្នាំ២០២៣ ថា បានផ្តល់អំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ទឹកជំនន់ អគ្គិភ័យ លង់ទឹកស្លាប់ គ្រោះថ្នាក់ដោយគ្រាប់មីន និងគ្រោះថ្នាក់ដោយឧបទ្ទវហេតុផ្សេងៗសរុបបាន ២៧៧២គ្រួសារ ស្មើនឹងចំនួនមនុស្ស ១១ ៨៤២នាក់ បានចុះជួបសួរសុខទុក្ខស្ត្រីមានផ្ទៃពោះ ស្រ្តីទើបសម្រាលកូន ដោយអប់រំផ្សព្វផ្សាយពីការថែទាំសុខភាពមាតា ទារក និងកុមារ សរុបចំនួន ២ ០៦៩នាក់ និង ចែកជូនអំណោយមនុស្សធម៌បានចំនួន១១០នាក់ សាងសង់ផ្ទះមនុស្សធម៌បាន៤ខ្នង និងកំពុងពិនិត្យស្ថានភាពគ្រោងសាងសង់ចំនួន៤ខ្នងទៀត។ រីឯអ្នកបម្រើការងារផ្នែកមនុស្សធម៌វិញ បច្ចុប្បន្នសាខាមានអ្នកស្ម័គ្រចិត្តសរុប ២ ១៦១នាក់ (ស្រី ១០០៩នាក់) និងយុវជនកាកបាទក្រហមកម្ពុជា ១ ៥៩៥នាក់(ស្រី១ ០៥៤នាក់) ទីប្រឹក្សាយុវជន៦៤នាក់(ស្រី២៧នាក់) នៅតាមគ្រឹះស្ថានសិក្សាចំនួន៣២ )។

បន្ទាប់ពីស្តាប់របាយការណ៍របស់អភិបាលខេត្តសៀមរាបរួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណ និង​កោតសរសើរ ចំពោះគណៈកិត្តិយស គណៈកម្មាធិការសាខា-អនុសាខា ដែលមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការពង្រឹងភាពជាម្ចាស់ទាំងសមត្ថភាព ទាំងធនធានរបស់សាខា អនុសាខា តាមទិសវិមជ្ឈការ និងវិសហមជ្ឈការ ដោះស្រាយឆ្លើយតបបានភ្លាមៗទៅនឹងភាពងាយរងគ្រោះ និងបញ្ហាប្រឈមនានានៅក្នុងរដ្ឋបាលដែនដីនីមួយៗបានឆាប់រហ័ស និងទាន់ពេលវេលា សក្តិសមជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។

ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បានអាននូវសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ឧសភា២០២៤ ដែលខ្លឹមសារបានបញ្ជាក់សម្រាប់ឆ្នាំ២០២៤នេះ ក្រោមប្រធានបទ (រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ) មានគោលបំណងសំខាន់បង្ហាញពីការប្តេជ្ញាចិត្តរបស់កាកបាទក្រហមកម្ពុជា បន្តកិច្ចខិតខំប្រឹងប្រែងពង្រឹង និងពង្រីកការអប់រំផ្សព្វផ្សាយស្តីពីការថែទាំសុខភាពបឋមតាមសហគមន៍ និងពង្រឹងភាពធន់នឹងអាកាសធាតុ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តវិធានការគន្លឹះនានា ជាពិសេសក្នុងរដូវប្រាំងឆ្នាំនេះ ដែលកម្ដៅកើនឡើងខ្ពស់មិនធ្លាប់មាន ដើម្បីពង្រឹងសេវាថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសាកល ធានាសុវត្ថិភាពសុខភាព និងការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញដល់សាខា អនុសាខា អាជ្ញាធរក្រុង ស្រុក គ្រប់មន្ទីរស្ថាប័ន កងកម្លាំង និងបងប្អូនសប្បុរសជន ក្នុងការលើកកម្ពស់ស្មារតីប្រែក្លាយប្រធានបទនេះឲ្យទៅជាការអនុវត្តជាក់ស្តែង តាមរយៈការលើកកម្ពស់ការទទួលខុសត្រូវរបស់សាខា អនុសាខា ឱ្យខិតខំប្រឹងប្រែងបន្តពង្រឹងការកសាងសមត្ថភាព សហគមន៍នានា ឱ្យទៅជាសហគមន៍ដែលមានសមត្ថភាពទ្រាំទ្របាន ព្រមទាំងបន្ស៊ាំបានទៅនឹងបញ្ហាប្រឈម បង្កដោយការប្រែប្រួលអាកាសធាតុ ហើយខាងផ្នែកសុខភាពវិញ គឺត្រូវតែចាប់ផ្តើមបោះបង់ទម្លាប់មិនល្អ មួយចំនួនដែលបំផ្លាញសុខភាព និងអាយុជីវិតខ្លួនឯង រួចចាប់ផ្តើមពុំបង្អែបង្អង់ឡើយនូវការអនុវត្តសេចក្តីណែនាំ និងវិធានការផ្សេងៗ ដែលនាំមកនូវសុខភាពល្អ សុវត្ថិភាពសុខភាពទាំងផ្លូវកាយ-ផ្លូវចិត្តនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ស្របតាមពាក្យស្លោក (កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល)៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.