ប្រទេសអ៊ីរ៉ង់បានប្រកាសអំពីការដាក់ទណ្ឌកម្ម ទៅលើបុគ្គលក៏ដូចជាអង្គភាព-ស្ថាប័នមួយចំនួនរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស សម្រាប់ការគាំទ្រសង្រ្គាមរបស់អ៉ីស្រាអែលប្រឆាំងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស នៅឯតំបន់ Gaza Strip។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ ការប្រកាសដាក់ទណ្ឌកម្មខាងលើពីសំណាក់ទីក្រុងតេហេរ៉ង់ ដែលជាគូសត្រូវធំបំផុតរបស់អ៉ីស្រាអែល នៅក្នុងតំបន់ត្រូវបានធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសអ៉ីរ៉ង់។ សេចក្តីថ្លែងការណ៍បានឱ្យដឹងថា ទណ្ឌកម្មនោះបានកំណត់គោលដៅលើបុគ្គលជនជាតិអាមេរិកចំនួន ៧ រូបដែលរួមមានទាំងឧត្តមសេនីយ Bryan P. Fenton មេបញ្ជាការនៃបញ្ជាការដ្ឋានកងកម្លាំងពិសេសរបស់យោធាអាមេរិក និងឧត្តមនាវី Brad Cooper ដែលជាអតីតមេបញ្ជាការកងអង្គភាព Fifth Fleet របស់ទ័ពជើងទឹកអាមេរិក។

ចំណែកមន្រ្តីនិងស្ថាប័នអង់គ្លេស ដែលរងការដាក់ទណ្ឌកម្មរបស់អ៊ីរ៉ង់ រួមមានទាំងលោក Grant Shapps រដ្ឋមន្រ្តីការពារជាតិរួមជាមួយលោក James Hockenhull មេបញ្ជាការនៃបញ្ជាការដ្ឋានយុទ្ធសាស្រ្តរបស់យោធាអង់គ្លេស ហើយនិងកងអង្គភាពជើងទឹកអង់គ្លេសប្រចាំនៅសមុទ្រក្រហម។ ក្រុមហ៊ុនអាមេរិក Lockheed Martin និង Chevron ព្រមទាំងក្រុមហ៊ុនអង់គ្លេស Elbit Systems, Parker Meggitt និង Rafael UK ក៏ត្រូវបានអ៉ីរ៉ង់ដាក់ទណ្ឌកម្មផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.