នាវេលាម៉ោង៧ និង១៥នាទីព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ គណៈកម្មការរៀបចំការប្រឡងប្រជែង ចាប់ផ្តើមដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជន ដែលបានចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ ដែលបានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃកន្លងមក តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានាស្របតាមនិយាមនីតិវិធីប្រតិបត្តិនៅមណ្ឌលកំណែ សាលាភូមិន្ទរដ្ឋបាល។

ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការប្រឡងប្រជែង ដោយមានការចាត់តាំងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអញ្ជើញដឹកនាំ ពិនិត្យដំណើរការកែសន្លឹកកិច្ចការខាងលើ។

ដោយសារមានភារកិច្ចជាអធិបតី នៃសិក្ខាសាលាថ្នាក់តំបន់ និងបេសកកម្មក្នុងក្របខណ្ឌគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ នៅខេត្តសៀមរាប ព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មិនមានវត្តមានបើកសន្លឹកកិច្ចការសម្រាប់ដំណើរការកំណែដូចសព្វមួយដងនោះទេ។

ទោះបីជាយ៉ាងនេះក្តី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងក្រុមការងារ នៅតែបន្តតាមដានយ៉ាងយកចិត្ត ទុកដាក់គ្រប់ដំណាក់កាលទាំងអស់នៃដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជនពីចម្ងាយ។

កម្មវិធីព្រឹកនេះមានការអញ្ជើញចូលរួមជាមួយពីសំណាក់ថ្នាក់ដឹកនាំ អន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមការងារអនុគណៈកម្មការជំនាញ អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាច្រើនរូប។

ឯកឧត្តមរដ្ឋលេខាធិការ បានពិនិត្យដោយផ្ទាល់ទៅលើរបៀបរបប និងនីតិវិធីកែវិញ្ញាសាការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ ចូលក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ដែលទើបតែបញ្ចប់(រយៈពេល៤ថ្ងៃជាប់គ្នា ពោលគឺចាប់ពីថ្ងៃទី២ ដល់ទី៥ ខែឧសភា ឆ្នាំ២០២៤) ដោយសម្ងាត់ ឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ស្របតាមនិយាមនីតិវិធីប្រតិបត្តិ និងស្របតាមគោលការណ៍កំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.