ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើកឡើងថា តំបន់កំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក មិនទាន់បានត្រៀមខ្លួន ដើម្បីធានានូវសុខុមាលភាពនៃចំនួនប្រជាជនវ័យចំណាស់ ដែលកើនឡើងយ៉ាងឆាប់រហ័សនោះទេ។ ជាក់ស្តែងចំនួនមនុស្សចាស់កាន់តែកើនឡើងកំពុងប្រឈមមុខនឹងបញ្ហារួមមានការធានារ៉ាប់រង ប្រាក់ សោធននិវត្តន៍ទាប បញ្ហាសុខភាព ភាពឯកោក្នុងសង្គម និងការទទួលបានសេវាសំខាន់ៗមានកម្រិត។

របាយការណ៍គោលនយោបាយអភិវឌ្ឍន៍អាស៊ី ចេញផ្សាយដោយADB នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ចំនួនមនុស្សមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី និងប៉ាស៊ីហ្វិក ត្រូវបានកំណត់ថា នឹងកើនឡើងស្ទើរទ្វេដងនៅឆ្នាំ២០៥០ ដល់១,២ពាន់លាននាក់ ឬប្រហែលមួយភាគបួន នៃចំនួនប្រជាជនសរុប ដែលនឹងជំរុញកំណើនតម្រូវការសម្រាប់កម្មវិធីសោធននិវត្តន៍ និងសុខុមាលភាព ក៏ដូចជាសេវាថែទាំសុខភាព។ ក្នុងពេលជាមួយគ្នានេះ ប្រទេសក្នុងតំបន់មានឱកាសទទួលបានអត្ថប្រយោជន៍ពី «កំណើនអាយុនិងឆ្នាំនៃផលិតភាព» ក្នុងទម្រង់នៃផលិតភាពបន្ថែមរបស់មនុស្សចាស់ ដែលអាចជំរុញផលិតផលក្នុងស្រុកសរុបក្នុងតំបន់បាន០,៩ភាគរយ ជាមធ្យម។

លោក Albert Park ប្រធានសេដ្ឋវិទូរបស់ADB មានប្រសាសន៍ថា «ការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់អាស៊ី និងប៉ាស៊ីហ្វិក គឺជាជោគជ័យមួយ ប៉ុន្តែវាក៏កំពុងជំរុញឱ្យមានការផ្លាស់ប្តូរប្រជាសាស្រ្តដ៏ធំផងដែរ ហើយសម្ពាធនេះកំពុងកើនឡើង។ ការណ៍នេះ រដ្ឋាភិបាល ត្រូវត្រៀមខ្លួនពីឥឡូវ ដើម្បីពួកគាត់អាចជួយប្រជាជនអាស៊ី និងប៉ាស៊ីហ្វិករាប់លាននាក់ឲ្យមានអាយុវែងប្រកបដោយសុខុមាលភាព។ គោលនយោបាយទាំងឡាយគួរគាំទ្រការវិនិយោគពេញមួយជីវិតលើផ្នែកសុខភាព ការអប់រំ ជំនាញ និងការត្រៀមលក្ខណៈផ្នែកហិរញ្ញវត្ថុសម្រាប់ការចូលនិវត្តន៍។ ទំនាក់ទំនងគ្រួសារ និងសង្គម ក៏មានសារៈសំខាន់ផងដែរ ក្នុងការជំរុញប្រជាជនវ័យចាស់ឱ្យមានសុខភាពល្អ និងផលិតភាព និងបង្កើនការរួមចំណែករបស់ពួកគាត់ក្នុងសង្គម។»

កាលពីកន្លងទៅថ្មីៗនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំឱ្យគិតគូរពីបញ្ហាប្រជាសាស្រ្តឡើងវិញ ខណៈការព្យាករណ៍នៅឆ្នាំ២០៥០ កម្ពុជានឹងមានមនុស្សវ័យចាស់ច្រើន ស្របពេលកម្ពុជានឹងប្រែក្លាយជាប្រទេសមានចំណូលខ្ពស់ ហើយត្រូវការកម្លាំងពលកម្មច្រើន។ សម្ដេចធិបតី មានបំណងចង់បង្កើនចំនួនប្រជាសាស្រ្តនៃប្រជាជនកម្ពុជានៅកម្ពុជាឱ្យឡើងបានដល់៣០ទៅ៤០លាននាក់ ខណៈបច្ចុប្បន្នទើបបាន១៧លាននាក់ប៉ុណ្ណោះ ដើម្បីសមាមាត្រនឹងការងារនៅពេលអនាគត។

យោងតាមរបាយការណ៍របស់ADBដដែល បានបង្ហាញថា ៤០ភាគរយ នៃមនុស្សមានអាយុលើសពី៦០ឆ្នាំនៅអាស៊ី និងប៉ាស៊ីហ្វិក ខ្វះលទ្ធភាពទទួលបានប្រាក់សោធននិវត្តន៍នានា ដែលក្នុងនោះស្ត្រីរងផលប៉ះពាល់មិនសមាមាត្រ ដោយសារពួកគាត់ទំនងជាធ្វើការងារផ្ទះដែលមិនទទួលបានប្រាក់ខែកម្រៃ។ ជាលទ្ធផល ប្រជាជនវ័យចំណាស់ជាច្រើននៅក្នុងតំបន់គ្មានជម្រើសអ្វីក្រៅពីធ្វើការឱ្យបានល្អលើសពីអាយុចូលនិវត្តន៍ ដើម្បីអាចគាំទ្រជីវភាពបាន។ ក្នុងចំណោមអ្នកដែលបន្តធ្វើការចាប់ពីអាយុ៦៥ឆ្នាំ ឬចាស់ជាងនេះ៩៤ភាគរយ ធ្វើការក្នុងវិស័យក្រៅផ្លូវការ ដែលជាធម្មតាមិនផ្តល់ការការពារការងារជាមូលដ្ឋាន ឬអត្ថប្រយោជន៍សោធននិវត្តន៍នោះទេ។

ប្រហែល៦០ភាគរយ នៃប្រជាជនអាស៊ី និងប៉ាស៊ីហ្វិកវ័យចំណាស់ មិនចូលរួម ឬទទួលការពិនិត្យសុខភាពជាទៀងទាត់ទេ ខណៈដែល៣១ភាគរយ មានរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តដោយសារជំងឺ ភាពឯកោក្នុងសង្គម និងអសន្តិសុខសេដ្ឋកិច្ច។ ស្ត្រីវ័យចំណាស់ងាយរងគ្រោះជាងបុរសវ័យចំណាស់ពីសុខភាពមិនល្អដែលរួមមាន៖ ជំងឺធ្លាក់ទឹកចិត្ត ជំងឺទឹកនោម ផ្អែម និងជំងឺលើសឈាម៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.