នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ លោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍តួកគី គ្រោងនឹងពង្រីកការហោះហើរមកកម្ពុជានាពេលខាងមុខ ហើយសង្ឃឹមថា ការភ្ជាប់ទំនាក់ទំនងនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ទេសចរណ៍មានការកើនឡើងបន្ថែមទៀត។ ប្រទេសតួកគីនឹងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ហើយបានស្នើសុំឲ្យភាគីកម្ពុជាជួយគាំទ្រតួកគីក្នុងទំនាក់ទំនងជាមួយអាស៊ានផងដែរ។
លោកជំទាវមានក្តីសង្ឃឹមទុកថា សម្ដេចប្រធានព្រឹទ្ធសភា នឹងបង្កើននូវទំនាក់ទំនងជាមួយសភា នៃប្រទេសតួកគី ឱ្យដល់កម្រិតខ្ពស់នាពេលខាងមុខ។
លោកជំទាវបានសម្ដែងនូវក្តីរីករាយ និងមានមោទនភាព ដោយឃើញទំនាក់ទំនងរវាងកម្ពុជា និងទួកគី មានការរីកចម្រើនជាលំដាប់ ក្នុងនោះ មានការបើកការិយាល័យពាណិជ្ជកម្ម ថ្វីត្បិតតែទំហំពាណិជ្ជកម្មមានទំហំតូច ក៏ប៉ុន្តែប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការជំរុញទំហំពាណិជ្ជកម្មនេះ ឲ្យកើនដល់១ពាន់លានដុល្លារផងដែរនាពេលខាងមុខទំនាក់ទំនងកាន់តែច្រើនឡើងរវាងប្រជាជននិងប្រជាជន ។
លោកជំទាវ បានរំលឹកពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគី ពិសេសកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជនយុវជន និងកីឡា ក្នុងនោះ មានការពង្រីកសាលា និងការបង្កើនការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាបន្តបន្ទាប់។
ឆ្លៀតនៅក្នុងឱកាសនេះ លោកជំទាវ បានអបអរសាទរចំពោះសម្ដេចតេជោ ដែលត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបានជូនពរសម្ដេចតេជោ និងសមាជិកព្រឹទ្ធសភាទាំងអស់សូមឲ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់។ លោកជំទាវក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានសភាតួកគីផងដែរ ជូនចំពោះសម្ដេចតេជោ។
លោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវក្តីរីករាយ ដោយចាត់ទុកថា នេះជាកិត្តិយសណាស់ដែលសម្ដេចផ្តល់ការអនុញ្ញាតឲ្យលោកជំទាវបានជួបសម្ដែងការគួរសមនៅពេលនេះ។ នៅថ្ងៃនេះផងដែរ លោកជំទាវបានសម្តែងនូវការចូលរួមរំលែកទុក្ខចំពោះឧបទ្ទវហេតុ ដែលបានកើតឡើងកាលពីចុងសប្តាហ៍ថ្មីៗនេះ ដែលធ្វើឲ្យមានការបាត់បង់យោធិនរបស់កម្ពុជាមួយចំនួន។ លោកជំទាវបានបន់ស្រន់ឱ្យអ្នកដែលរករបួសឆាប់បានជាសះស្បើយផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន