យោងតាមសារាចររបស់រាជរដ្ឋាភិបាល ស្តីពីការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ » នាថ្ងៃទី១៨ ខែមេសា កន្លងទៅនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានចេញសារាចរណែនាំ៦ចំណុច ពាក់ព័ន្ធនឹងការរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាល បច្ចេកទេសនិងវិជ្ជាជីវៈ ។
តាមសារាចខាងលើ បានបញ្ជាក់ថា ដើម្បីឱ្យការរៀបចំទិវាជាតិនេះ ប្រព្រឹត្តទៅដោយរលូនប្រកបដោយភាពអធិកអធម រាជរដ្ឋាភិបាល បានធ្វើការណែនាំ ៦ចំណុចសំខាន់ៗ៖
១- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវទទួលបន្ទុករៀបចំទិវាជាតិនេះ និងត្រូវផលិតជាវីដេអូ ខ្លឹមសារឯកសារផ្សេងៗ ដោយសហការជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ និងវិស័យឯកជន ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅទូទាំងប្រទេស។
២- ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ត្រូវចូលរួមសហការគាំទ្រ និងផ្សព្វផ្សាយគ្រប់មធ្យោបាយនានា ដើម្បីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤នេះ តាមអង្គភាពរៀងៗខ្លួន។
៣- រដ្ឋបាលរាជធានីភ្នំពេញ ត្រូវចូលរួមសហការ និងគាំទ្រដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការផ្សព្វផ្សាយទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ឆ្នាំ២០២៤នេះ ឱ្យកាន់តែ ផុលផុស និងតាមគ្រប់មធ្យោបាយ ដូចជាការការពារសន្តិសុខសណ្តាប់ធ្នាប់ ការចងបដាពាក្យស្លោក នៅតាមទីសាធារណៈក្នុងដែនដីរបស់ខ្លួន។
៤- រដ្ឋបាលខេត្តនីមួយៗ ត្រូវរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ សាធារណៈ ឯកជន និងអង្គការ សមាគម ដែលស្ថិតក្នុងដែនដីរបស់ខ្លួន។ ទន្ទឹមនឹងនេះ ត្រូវមានចលនាលើកទឹកចិត្ត ឱ្យមានការចូលរួមពីវិស័យឯកជន ក្រុមហ៊ុន រោងចក្រ សហគ្រាស និងគ្រឹះស្ថាននានាផងដែរ។
៥- ក្រសួងព័ត៌មានត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋ ឯកជន និងបណ្ដាញសារព័ត៌មានសង្គមនានា រួមមាន វិទ្យុ ទូរទស្សន៍ កាសែត និងមធ្យោបាយផ្សព្វផ្សាយផ្សេងទៀត ឱ្យធ្វើការផ្សព្វផ្សាយសារាចរ សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វីដេអូនិងខ្លឹមសារឯកសារផ្សេងៗក្នុងឱកាសប្រារព្ធទិវាជាតិនេះ។
និង៦- ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា រដ្ឋបាលរាជធានី ខេត្តត្រូវរៀបចំចងបដាពាក្យស្លោក នៅតាម អង្គភាព និងទីសាធារណៈ តាមខ្លឹមសារដូចខាងក្រោម៖
– អបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤! TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ!
– សម្ដេចធិបតី ផ្ដល់ឱកាសថ្មីលើវិថី TVET!
– សម្ដេចធិបតី ជាក្តីសង្ឃឹមរបស់យុវជនគ្រប់រូប!
– សម្ដេចធិបតី តម្រង់ទិសយុវជន ឱ្យរៀនជំនាញមានទីផ្សារការងារល្អ!
– TVET ជាស្ពានចម្លងយុវជន ឱ្យឆាប់ទទួលបានការងារសមរម្យ!
– TVET ដើម្បីនិរន្តរភាពការងារ និងកំណើនសេដ្ឋកិច្ចជាតិ!
– TVET បង្កើនផលិតភាពការងារនិងភាពប្រកួតប្រជែងខ្ពស់!
– TVET ជំនាញពិត ជីវិតប្រសើរ!
– ប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត!
– ស្ត្រី និងជនជាតិដើមភាគតិច ក៏រៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈបានដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន