ភ្នំភ្លើងរួង នៅក្នុងខេត្តស៊ូឡាវេស៊ីខាងជើងរបស់ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើងម្តងទៀតកាលពីថ្ងៃទី២០ ខែមេសា ជាមួយនឹងការបញ្ចេញផេះកម្ពស់ ២៥០ម៉ែត្រ ដែលបង្ខំឱ្យអាកាសយានដ្ឋានអន្តរជាតិសាំរ៉ាទូឡាងហ្គី នៅជិតភ្នំភ្លើងនោះត្រូវបិទ ហើយប្រជាជនចំនួន ១១.០០០នាក់រស់នៅក្នុងតំបន់រងគ្រោះត្រូវបានជម្លៀសចេញ។

ទីភ្នាក់ងារ​ភ្នំភ្លើង​ឥណ្ឌូណេស៊ី​បាន​ព្រមាន​ថា ​ការ​ផ្ទុះឡើង​ធំៗ​នៅតែ​អាច​កើត​មាន​បន្ទាប់​ពី​ភ្នំភ្លើងនោះ​បាន​ផ្ទុះ​ជាច្រើន​ដង​ក្នុង​សប្តាហ៍​មុន។

ប្រធានទីភ្នាក់ងារ លោក ហេនដ្រា ហ្គូណាវ៉ាន់ (Hendra Gunawan) បាននិយាយថា ជាមួយនឹងការរញ្ជួយដី និងការផ្ទុះភ្នំភ្លើងដែលបានកត់ត្រារួច វិបត្តិនេះនៅមិនទាន់ចប់នៅឡើយទេ។ លំហូរម៉ាក់ម៉ានៅតែផ្លាស់ទីពីក្រោមដីទៅលើផ្ទៃដីលើ។ លោក ហ្គូណាវ៉ាន់ បាននិយាយបន្ថែមថា ដូច្នេះវាមិនគួរឱ្យភ្ញាក់ផ្អើលទេ ប្រសិនបើការផ្ទុះនៅតែបន្តកើតឡើង។

ទីភ្នាក់ងារនោះបានផ្តល់អនុសាសន៍ឱ្យប្រជាជនពាក់ម៉ាស់ការពារ ដើម្បីជៀសវាងបញ្ហាផ្លូវដង្ហើម។

ភ្នំភ្លើងរួងដែលមានកម្ពស់ ៧២៥ម៉ែត្រពីនីវ៉ូទឹកសមុទ្រ បច្ចុប្បន្នគឺជាភ្នំភ្លើងតែមួយគត់ក្នុងចំណោមភ្នំភ្លើងជាង១០០ របស់ឥណ្ឌូណេស៊ី ដែលត្រូវបានដាក់នៅកម្រិតព្រមានខ្ពស់បំផុតនៅក្នុងប្រព័ន្ធព្រមាន ៤កម្រិត។ អាជ្ញាធរក្នុងតំបន់បានកំណត់តំបន់ហាមឃាត់ក្នុងចម្ងាយ ៦គីឡូម៉ែត្រជុំវិញភ្នំភ្លើងនោះ។

ប្រទេសឥណ្ឌូណេស៊ី ងាយនឹងកើតមានសកម្មភាពភ្នំភ្លើង ព្រោះវាស្ថិតនៅតាមបណ្តោយ រង្វង់ភ្លើងប៉ាស៊ីហ្វិក ដែលជាខ្សែបន្ទាត់នៃរលករញ្ជួយដីនៅជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.