ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា ក្រសួង បាន និងកំពុងបន្តអនុវត្តន៍យ៉ាងសកម្មនូវអាទិភាពគន្លឹះទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់បែបនេះ ខណៈដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធី បើកសន្និបាតបូកសរុបលទ្ធផលការងារក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាបក្នុងក្របខ័ណ្ឌទូទាំងប្រទេស ប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តន៍ឆ្នាំ២០២៤ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងការកោតសរសើរ ដ៏ស្មោះ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ព្រមទាំងក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានខិតខំរួមគ្នាបំពេញភារកិច្ច របស់ខ្លួនយ៉ាង សកម្មរហូតសម្រេចបានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ២០២៣។

ក្នុងឱកាសនោះ ឯកឧត្តម ថោ ជេដ្ឋា បានមានប្រសាសន៍ថា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា វិស័យធនធានទឹក និងឧតុនិយម សម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ជាពិសេសការអនុវត្តគោលនយោបាយជាតិលើវិស័យធនធានទឹកនៅកម្ពុជា និងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម ឆ្នាំ២០១៩-២០២៣ បានចូលរួម ចំណែកយ៉ាងសកម្មដល់ការអនុវត្តអាទិភាពគន្លឹះយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា “មនុស្ស ផ្លូវ ទឹក និង ភ្លើង”។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្នុងបរិបទបច្ចុប្បន្ន វិស័យ ធនធានទឹក មិនត្រឹមបម្រើឱ្យការងារស្រោចស្រពដំណាំកសិកម្មនោះទេ ប៉ុន្តែវិស័យធនធាន ទឹក បាន និងកំពុងបម្រើដល់គ្រប់វិស័យដែលពាក់ព័ន្ធជាអាទិ៍ កិច្ចគាំពារបរិស្ថាន ការដឹក ជញ្ជូន រ៉ែនិងថាមពល អភិវឌ្ឍន៍ជនបទ ឧស្សាហកម្ម ទេសចរណ៍ ការគ្រប់គ្រង គ្រោះមហន្តរាយ ដែលទាមទារឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធចូលរួមសហការ និងគាំទ្រ។

ទន្ទឹមនឹងនោះដែរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក៏បាន បង្ហាញនូវការជឿជាក់ថា លទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៣ នឹងក្លាយជា កម្លាំងចលករជំរុញការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ របស់ក្រសួង ធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ក៏ដូចជាដៃគូអភិវឌ្ឍន៍ ដើម្បីបន្តអនុវត្តន៍ផែនការ ការងារសម្រាប់ឆ្នាំ២០២៤ សំដៅរួមចំណែកដល់ការអនុវត្តឱ្យបានជោគជ័យនូវផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម ឆ្នាំ២០២៤-២០២៨ ក៏ដូចជា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយម នៅព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា នេះគឺជាលើកទី១ ដែលក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាបក្នុងក្របខ័ណ្ឌទូទាំងប្រទេស រួមគ្នារៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តន៍ឆ្នាំ២០២៤៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.