សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្រសួងផែនការ បាននឹងកំពុងពង្រឹងការងារកិច្ចសហប្រត្តិបត្តិការអន្តរជាតិជាមួយនិងបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោកជាទ្វេភាគី និងជាពហុភាគី និងបានគិតគូបង្កើតយន្តការសម្របសម្រួលការងារសហប្រតិបត្តិការត្បូង-ត្បូង និងត្រីកោណ។

ក្នុងឱកាសអញ្ជើញជាអធិបតី “ បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ ”នាព្រឹកថ្ងៃអង្គារ ១ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ មេសា ២០២៤ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានឱ្យដឹងបន្ថែមថា ក្រសួងផែនការក៏បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងផែនការ ដើម្បីប្រមូលផ្ដុំគ្រប់គ្រងលើទិន្នន័យច្រើនប្រភេទកំពុងនៅរាយប៉ាយគ្នា ដែលកំពុងផ្ទុក និងបង្ហោះដោយក្រុមហ៊ុនឯកជន និងស្ថាប័នដទៃ មានដូចជា ទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ទិន្នន័យមូលដ្ឋានថ្នាក់ក្រោមជាតិ ទិន្នន័យជំរឿន អង្គេត CAMSTAT ជាដើម។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា ក្រសួងផែនការដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យផែនការ ស្ថិតិ សម្របសម្រួល និងគ្រប់គ្រង ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.