ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ បានទទួលជួបគណៈប្រតិភូធុរកិច្ចជប៉ុន ដឹកនាំដោយលោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសក្តានុពលរវាងសហគ្រាសធុនតូចនិងមធ្យមនៃប្រទេសទាំងពីរ។

លោក Takahashi បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់សមាគមជប៉ុន-កម្ពុជា ក្នុងការលើកកម្ពស់ទំនាក់ទំនងធុរកិច្ចរវាងប្រទេសជប៉ុន និងកម្ពុជាឱ្យកាន់តែស៊ីជម្រៅមួយកម្រិតទៀត។ ជាមួយនឹងការបើកដំណើរការការិយាល័យសមាគមនាពេលថ្មីៗនេះ លោកបានសង្កត់ធ្ងន់លើសក្តានុពលក្នុងការសម្របសម្រួលទំនាក់ទំនងដោយផ្ទាល់ និងកិច្ចសហការរវាងសហគ្រិនជប៉ុន និងកម្ពុជា ដោយបន្ស៊ីដំណើរការការងារ ជាជាងពឹងផ្អែកតែលើទំនាក់ទំនងការទូត។

សមាគមជប៉ុន-កម្ពុជា បានបើកការិយាល័យរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។ ការវិវត្តជាវិជ្ជមាននេះត្រូវបានរំពឹងថា នឹងជំរុញឱ្យមានទំនាក់ទំនងកាន់តែស្អិតរមួតរវាងសហគ្រាសធុនតូចនិងមធ្យមជប៉ុន ជាមួយនិងសមភាគីកម្ពុជារបស់ពួកគេ ដើម្បីជំរុញកំណើនរួម និង ផលិតមុខទំនិញពិសេស (niche market) សម្រាប់បម្រើទីផ្សារទាំងនៅក្នុងតំបន់អាស៊ាន និងទីផ្សារអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា វត្តមានផ្ទាល់របស់សមាគមនៅក្នុងប្រទេស មានសារៈសំខាន់ ហើយកម្ពុជានឹងប្រើប្រាស់ការិយាល័យរបស់សមាគមជាប្រយោជន៍ ក្នុងការរៀនសូត្រអំពីនវានុវត្តន៍របស់ជប៉ុន និងស្វែងរកកិច្ចសហប្រតិបត្តិការ ដើម្បីបម្រើទាំងទីផ្សារក្នុងស្រុក និងសម្រាប់ការនាំចេញ។ ឯកឧត្តមបានសង្កត់ធ្ងន់លើសក្តានុពលថ្មីនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនតូចនិងមធ្យមរបស់ កម្ពុជា និងការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការកែលម្អសេវាសាធារណៈ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ដើម្បីគាំទ្រដល់ធុរកិច្ចជនឱ្យបានកាន់តែប្រសើរ។

ដោយផ្តោតលើកិច្ចសហប្រតិបត្តិការសក្តានុពល ដូចជាការកែច្នៃកសិផល បច្ចេកវិទ្យាបៃតង និងគ្រឿងអេឡិចត្រូនិក ឯកឧត្តមបានលើកឡើងថា កម្ពុជាចង់ទាក់ទាញការវិនិយោគពីជប៉ុន ជាពិសេសលើវិស័យដែលផ្តល់តម្លៃបន្ថែមខ្ពស់ដល់កសិផលក្នុងស្រុក និងបង្កើនផលិតភាព។

លោក Kazunori KATO នាយកប្រតិបត្តិ និងជាអគ្គលេខាធិការរបស់សមាគមជប៉ុន-កម្ពុជា បានជម្រាបជូនពីយុទ្ធសាស្ត្របឋមចំនួនពីររបស់សមាគម ដែលផ្តោតលើការសហការផលិតមុខទំនិញជាមួយសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ព្រមទាំងគំនិតផ្តួចផ្តើមក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីលើកកម្ពស់កម្លាំងពលកម្មកម្ពុជា។ លោកបានបង្ហាញចំណាប់អារម្មណ៍វិជ្ជមានពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចជប៉ុននៅកម្ពុជាកាលពីពេលថ្មីៗនេះ។

បន្ថែមលើកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសកម្ពុជា សមាគម សហព័ន្ធធុរកិច្ច និងសភាពាណិជ្ជកម្ម ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យសមាគមសហការជាមួយ សហគ្រិនខ្មែរ ដែលជាបរធនបាលរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។ ឯកឧត្តមបានលើកឡើងថា ភាពជាដៃគូនេះនឹងអាចប្រើប្រាស់ជំនាញ និងបទពិសោធន៍របស់សហគ្រិនខ្មែរដែលបានផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស និងការគាំទ្រហិរញ្ញវត្ថុ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងសហគ្រាសធុនតូចនិងមធ្យមជប៉ុន និងសហគ្រាសកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.