នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ងួនហុង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ មីឆេល ចាន់ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី បានធ្វើជាសហប្រធានដឹកនាំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា។

កិច្ចពិគ្រោះយោបល់នេះ បានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមាន កសិកម្ម ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ អប់រំ ការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន សន្ដិសុខ ការពារជាតិ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ ភាគីទាំងពីរបានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កាជាបន្តបន្ទាប់ដែលកើតចេញពីទំនាក់ទំនងយូរអង្វែងរវាងប្រទេសទាំងពីរ ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៥២ និងបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឱ្យមានភាពរីកចម្រើនថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងបញ្ហាអន្ដរជាតិដែលជាក្ដីកង្វល់រួម និងបានឯកភាពគ្នារៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៥ នៅឆ្នាំ២០២៥ នៅប្រទេសអូស្រ្តាលី។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.