ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធាននៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានអញ្ជើញធ្វើបាឋកថា «សកម្មភាព មីននៅកម្ពុជា» ជូនដល់សិស្ស-និស្សិត នៅសកលវិទ្យាល័យអង្គរ ខេត្តសៀមរាប នាព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា កម្ពុជាធ្លាប់ជាប់ ឈ្មោះជាប្រទេសដ៏កម្សត់ ដែលបានឆ្លងកាត់ប្រវត្តិដ៏ជូរចត់នៃសង្គ្រាមរ៉ាំរ៉ៃ អស់រយៈពេល ជាច្រើនទសវត្សរ៍ និងបានបង្កនូវវិនាសកម្មដល់ប្រជាជន និងប្រទេសកម្ពុជា និងបានធ្វើឱ្យ កម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានមីន និងសំណល់ជាតិផ្ទុះផ្សេងៗ ទៀតជាច្រើន ក៏ប៉ុន្តែក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាទទួលបានឯកភាពជាតិ សុខ សន្តិភាពពេញលេញ ជាធ្លុងមួយដ៏រឹងមាំ ដែលជាបុរេលក្ខណសំខាន់សម្រាប់សកម្មភាពមីន និងការអភិវឌ្ឍជាតិ។

ឯកឧត្តមបានបន្តថា ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ ប្រជាជនកម្ពុជា ដែលបានរងគ្រោះដោយសារមីនមាន ៦៥.០៤៣នាក់ ក្នុងនោះស្លាប់ ១៩.៨២២នាក់ របួស៣៦.១៣០នាក់ និងពិការមានចំនួន ៩ ០៩១នាក់។ ដោយសារការដឹកនាំ យ៉ាងម៉ឺងម៉ាត់ ប្រកបដោយទស្សនៈវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការ និងភាពជាដៃគូពី ប្រទេសជាមិត្តដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដែលមានស្ថាប័នអាជ្ញាធរមីន ជាសេនាធិការ ក្នុងការដឹកនាំសម្របសម្រួលការងារប្រចាំថ្ងៃ និងកសាងនូវគោលនយោបាយ ជាតិសម្រាប់វិស័យមីនទាំងមូល បានធ្វើឱ្យការបោសសម្អាតមីននៅកម្ពុជា ទទួលបាន ភាពជោគជ័យជាបន្តបន្ទាប់ ជាពិសេសភាពជោគជ័យក្នុងការបោសសម្អាតមីននេះ គឺដោយ សារតែប្រទេសមានសន្តិភាព។ ដូចនេះតម្លៃនៃសន្តិភាពពិតជាមានសារៈសំខាន់ ហើយ ដើម្បីឱ្យប្រជាជនកម្ពុជាឈប់រងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះផ្សេងៗបន្តទៅ ទៀតប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសយុវជនត្រូវរួមគ្នាថែរក្សាសន្តិភាពនេះឱ្យបានគងវង្ស។

សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាបអង្គរ ស្តីពីពិភព លោកមួយដែលគ្មានមីន នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ និងមានបណ្តាប្រទេសជាង ១៦០បានមកចូលរួម និងការចែករំលែកបទពិសោធន៍ល្អៗ ក្នុងសកម្មភាពមីន ដែលក្នុងនោះ រួមទាំងកិច្ចសង្រ្គោះជនរងគ្រោះផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.