ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្តល់ទស្សនទានស្តីពីតួនាទីដ៏សំខាន់នៃបច្ចេកវិទ្យាក្នុងការជំរុញកំណើនប្រកបដោយបរិយាបន្ន សម្រាប់តំបន់អាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៤ ដែលត្រូវបានរៀបចំឡើងនៅទីក្រុងភ្នំពេញ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ដើម្បីផ្តល់ជាវេទិកាស្វែងរកយុទ្ធសាស្រ្តក្នុងការប្រើប្រាស់បច្ចេកវិទ្យាជាប្រយោជន៍ដល់គ្រប់ផ្នែកនៃសង្គម។

នៅក្នុងសុន្ទរកថាគន្លឹះទៅកាន់កិច្ចប្រជុំកំពូលនេះ ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចាប់យកបច្ចេកវិទ្យា ជាកាតាលីករដើម្បីជំរុញកំណើនប្រកបដោយបរិយាបន្ននៅក្នុងតំបន់។ ឯកឧត្តមបានលើកឡើងពីតម្រូវការនៃការវិនិយោគជាយុទ្ធសាស្រ្តក្នុងការតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីទាញយកសក្តានុពលដែលមិនទាន់បានប្រើប្រាស់ សម្រាប់វឌ្ឍនភាពសេដ្ឋកិច្ចអាស៊ានដែលមានភាពចម្រុះ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “តាមរយៈការលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) សហគ្រិនភាព និងការផ្ទេរបច្ចេកវិទ្យា យើងអាចបង្កើតបរិយាកាសមួយដែលប្រែក្លាយគំនិតទៅជាការរីកចម្រើនជាក់ស្តែង និងបង្កើតដំណោះស្រាយថ្មីៗចំពោះបញ្ហាប្រឈមក្នុងសង្គមរបស់យើង។ មិនថាក្នុង វិស័យសុខាភិបាល អប់រំ កសិកម្ម ឬផលិតកម្មទេ បច្ចេកវិទ្យាមានសក្តានុពលក្នុងការធ្វើបរិវត្តកម្មវិស័យទាំងនោះ និងធ្វើឱ្យជីវិតមនុស្សរាប់លាននាក់នៅទូទាំងតំបន់អាស៊ានកាន់តែប្រសើរឡើង។”

យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ផ្តោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។ កម្ពុជាក៏បានរៀបចំផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០៣០ (STI Roadmap 2030) ក្នុងគោលដៅជំរុញបរិវត្តកម្មសេដ្ឋកិច្ច និងនវានុវត្តន៍ ដើម្បីប្រែក្លាយកម្ពុជាឆ្ពោះទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ដោយទទួលស្គាល់តួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងការអភិវឌ្ឍបច្ចេកវិទ្យា ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជំរុញបរិយាកាសអំណោយផលសម្រាប់អាជីវកម្ម និងការវិនិយោគលើវិស័យនេះឱ្យកាន់តែរីកចម្រើន។ តាមរយៈការអនុម័តច្បាប់ និងបទប្បញ្ញត្តិថ្មីៗ រាជរដ្ឋាភិបាលមានគោលដៅពង្រឹងបរិយាកាសធុរកិច្ច និងជំរុញនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា។

ឯកឧត្តមបានលើកឡើងនូវធាតុផ្សំសំខាន់ចំនួនបី ដែលចាំបាច់ដើម្បីសម្រេចកំណើនប្រកបដោយបរិយាបន្ន រួមមានការអភិវឌ្ឍមូលធនមនុស្ស ការគាំទ្រសហគ្រាសធុនតូច និងមធ្យម និងការចាប់យកបច្ចេកវិទ្យាឌីជីថល។ ឯកឧត្តមបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់ការអប់រំស្ទែម (STEM) លើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម និងប្រើប្រាស់សក្តានុពលនៃបច្ចេកវិទ្យាឌីជីថល ដូចជាបញ្ញាសិប្បនិម្មិត (AI), Cloud Computing និង Internet of Things ជាដើម។

យោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “បញ្ញាសិប្បនិម្មិត៖ ដំណើរផ្លូវនាអនាគត”។ ព្រឹត្តិការណ៍នេះនឹងផ្តល់ជាវេទិកាមួយសម្រាប់រដ្ឋជាសមាជិកអាស៊ានដើម្បីផ្លាស់ប្តូរគំនិត និងយុទ្ធសាស្រ្តប្រើប្រាស់បញ្ញាសិប្បនិម្មិតសម្រាប់ការអភិវឌ្ឍក្នុងប្រទេសនីមួយៗ និងក្នុងតំបន់ទំាងមូល។

ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម ចំពោះការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងតំបន់អាស៊ាន ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យភាគីពាក់ព័ន្ធចាប់យកនវានុវត្តន៍ សហការគ្នា និងបង្កើតការតភ្ជាប់ ដើម្បីកសាងអនាគតរួមមួយ ដែលពលរដ្ឋអាស៊ានគ្រប់រូបមានឱកាសរីកចម្រើន និងរួមចំណែកដល់ភាពរុងរឿងនៃសហគមន៍នេះ។

កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៤ ក្រោមប្រធានបទ “បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់ បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាបន្ន” មានគោលដៅបង្ហាញសក្តានុពលរបស់អាស៊ាន និងជំរុញកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗ ដូចជាបច្ចេកវិទ្យា ការតភ្ជាប់របស់អាស៊ាន និរន្តរភាព និងថាមពលកកើតឡើងវិញជាដើម។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.