ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមសហការជាមួយ មូលនិធិវិនិយោគអាកាសធាតុ និង ធនាគារអភិវឌ្ឍន៍អាស៊ី រៀបចំ «កម្មវិធីផ្លាស់ប្តូរចំណេះដឹង ក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក» ដើម្បីចែករំលែកចំណេះដឹង, បទពិសោធន៍ សំដៅចូលរួមដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួល អាកាសធាតុ ក្នុងកម្រិតតំបន់។

រាជរដ្ឋាភិបាលកម្ពុជា, រួមសហការជាមួយ មូលនិធិវិនិយោគអាកាសធាតុ និង ធនាគារអភិវឌ្ឍន៍អាស៊ី, បានរៀបចំនូវ «កម្មវិធីផ្លាស់ប្តូរ ចំណេះដឹង ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» ដោយបានប្រមូលផ្តុំសមាសភាព ជាថ្នាក់ដឹកនាំ, អ្នកតំណាង និង មន្ត្រីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធនានា, ពីតាមបណ្តាប្រទេស ជាសមាជិកនៃមូលនិធិវិនិយោគអាកាសធាតុ, ដើម្បីចែករំលែកចំណេះដឹង, បទពិសោធន៍, មេរៀន និង មតិយោបល់ សំដៅចូលរួមដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួល អាកាសធាតុ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលបាន និង កំពុងក្លាយជាបញ្ហាស្មុគស្មាញមួយ នាយុគសម័យថ្មីនេះ ដើម្បីឈានទៅសម្រេចបាន នូវភាពធន់នឹងការប្រែប្រួលអាកាសធាតុ ។

ក្នុងពិធីបើកកម្មវិធីផ្លាស់ប្តូរចំណេះដឹង ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក នាព្រឹកថ្ងៃចន្ទនេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានលើកឡើងថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហារួមរបស់ពិភពលោកទាំងមូល ដែលទាមទារឱ្យយើងទាំងអស់គ្នា ចូលរួមចាត់ វិធានការដោះស្រាយ ប្រកបដោយការទទួលខុសត្រូវ និង ការប្តេជ្ញាចិត្តខ្ពស់ ដើម្បីកាត់- បន្ថយភាពងាយរងគ្រោះ តាមរយៈការកសាងភាពធន់ និង ការបន្សំខ្លួន ឱ្យបាន កាន់តែប្រសើរ ។ ការប្រែប្រួលអាកាសធាតុ មិនត្រឹមតែបានបង្កឱ្យភពផែនដីឡើងកម្ដៅ ប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំង បានបង្កឱ្យមានគ្រោះមហន្តរាយធម្មជាតិ កាន់តែញឹកញាប់ និង មានសភាពកាន់តែធ្ងន់ធ្ងរទៅៗ ។

អាស៊ី, ដែលមានប្រជាជនប្រមាណ ៦០% នៃប្រជាជនសរុបលើពិភពលោក, ស្ថិតក្នុងចំណោមតំបន់ដែលងាយរងគ្រោះជាងគេ ដោយសារការប្រែប្រួលអាកាសធាតុ ។ ជាក់ស្តែង, កាលពីឆ្នាំ ២០២២, ក្នុងតំបន់អាស៊ី, គ្រោះធម្មជាតិបានបំផ្លិចបំផ្លាញលំនៅដ្ឋានរបស់ប្រជាជន ប្រមាណជាង ៥០ លាននាក់ និង បង្កឱ្យមានការខាតបង់សេដ្ឋកិច្ច រហូតដល់ប្រមាណ ៨០ ពាន់លានដុល្លារអាម៉េរិក ។

ការណ៍នេះ សបញ្ជាក់ច្បាស់ អំពីភាពធ្ងន់ធ្ងរ និង ភាពងាយរងគ្រោះ ដែលបង្កឡើង ដោយការប្រែប្រួលអាកាសធាតុ ។ ជាងនេះទៀត, ការឡើងកម្ដៅនៃភពផែនដី ក៏កំពុងតែ ដាក់សម្ពាធកាន់តែធ្ងន់ លើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ការការពារបរិស្ថានរបស់យើង ផងដែរ ។ បញ្ហាប្រឈមទាំងនេះ បាន និង កំពុងគម្រាមកំហែង ដល់កាលានុវត្តភាព ក្នុង ការធានាបាន នូវពិភពលោកមួយដែលគួរឱ្យចង់រស់នៅ សម្រាប់យើងទាំងអស់គ្នា, ជាពិសេស សម្រាប់មនុស្សជំនាន់ក្រោយ។

ឯកឧត្តមបាន សម្តែងនូវការគាំទ្រ និង ការសាទរ ចំពោះ «មូលនិធិវិនិយោគ អាកាសធាតុ – Climate Investment Fund» ឬ ហៅកាត់ថា «CIF» ដែលបានគិតគូរ ម៉ត់ចត់លើបញ្ហានេះ ដោយបានផ្តួចផ្តើម និង សហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល កម្ពុជា និង ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការរៀបចំ «កម្មវិធីផ្លាស់ប្តូរចំណេះដឹង ក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក» នេះឡើង នៅក្នុងព្រះរាជាណាចក្រកម្ពុជា, ពោលគឺ ការគិតគូររៀបចំនេះ ពិតជាសមស្រប, ទាន់ពេល និង ចំទិសដៅ ។

គួរបញ្ជាក់ដែរថា មូលនិធិវិនិយោគអាកាសធាតុ ក៏បាន និង កំពុងគាំទ្រ លើការពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុងទំហំហិរញ្ញប្បទាន សរុបប្រមាណ ១១,៥ ពាន់លានដុល្លារអាម៉េរិក និង មានសក្តានុពល ក្នុងការទាក់ទាញ ធនធានបន្ថែម ប្រមាណ ៦៣ ពាន់លានដុល្លារអាម៉េរិក, ក្រោមទម្រង់ជាសហហិរញ្ញប្បទាន, ដើម្បីជំរុញការអភិវឌ្ឍ សំដៅឈានទៅរកភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៅក្នុង តំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រកបដោយប្រសិទ្ធភាព ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.