ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២២-២០២៣ និងទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ បានលើកឡើងថា ក្រសួង បានយកចិត្តទុកដាក់លើគ្រូបង្រៀន ដោយបានចាត់ទុកថា គ្រូបង្រៀននៅកម្ពុជា នឹងត្រូវទទួលបានការជឿទុកចិត្ត និងការទទួលស្គាល់ថាជា “អ្នកផលិតចំណេះដឹង អ្នកអនុវត្តពិតប្រាកដនៅកម្រិតសាលារៀន និងជាដៃគូសម្រាប់កែលម្អគោលនយោបាយ”។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងអប់រំ បានបន្តថា ដើម្បីសម្រេចបាន នូវគោលដៅនេះ ក្រសួង បាន និងកំពុងអនុវត្តកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដោយ ផ្តោតលើ៖ (១)ការកែលម្អកម្មវិធីបណ្តុះបណ្តាល និងវិក្រឹតការគ្រូ (២)ការអភិវឌ្ឍសមត្ថភាព វិជ្ជាជីវៈគ្រូឧទ្ទេសខាងផ្នែកខ្លឹមសារមេរៀន, គរុកោសល្យ និងវិធីសាស្ត្របង្រៀនសម្បូរបែប និង ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន, (៣)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្របតាម

បច្ចេកវិទ្យាថ្មីៗ បណ្ណាល័យ និងសម្ភារឧបទេសទំនើបសម្បូរបែប, (៤)ការអភិវឌ្ឍភាពជាអ្នក ដឹកនាំនិងគ្រប់គ្រង, (៥)ការផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តកម្មវិធីសិក្សាគរុកោសល្យ, និង(៦)ការធានាគុណភាពនៃការបណ្តុះបណ្តាល។

ជាមួយគ្នានោះ ក្រសួង ក៏បានបន្តអភិវឌ្ឍសមត្ថភាព និងពង្រឹងគុណភាពគ្រូឧទ្ទេស តាមរយៈការលើកកម្ពស់ គុណវុឌ្ឍ អនុម័តស្តង់ដាគ្រូឧទ្ទេស និងអនុម័តគោលការណ៍ផ្ដល់ឋានៈជាគ្រូឧទ្ទេស និង គ្រូឧទ្ទេសរងនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង បន្ទាប់ពីការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធនៅវិទ្យាស្ថានគរុកោសល្យទាំងពីរត្រូវបានបញ្ចប់ ដើម្បីធានានិរន្តរភាពនិងការអភិវឌ្ឍ។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.