នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និមន្តចូលរួមសន្និសីទសម្រាប់អាស៊ីប្រចាំឆ្នាំ២០២៤ នៃអនុវេទិកាប៉អៅស្តីពី ភាពសុខដុមសាសនា និងការរៀនសូត្រទៅវិញទៅមកក្នុងចំណោមអរិយធម៌ នៅខេត្តហៃណាននៃសាធារណរដ្ឋប្រជាមានិតចិន ។

អញ្ជើញនិងនិមន្តចូលរួមសន្និសីទសម្រាប់អាស៊ីប្រចាំឆ្នាំ២០២៤រួមមាន៖ ឯកឧត្តម ចិន រុយហ្វុន អនុរដ្ឋមន្ត្រីគណៈកម្មាធិការរណសិរ្សរួបរួមជាតិ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការសាសនាចិន ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងព្រះសង្ឃតំណាងប្រទសចិន វៀតណាម នេប៉ាល់ ស្រីលង្កា ជប៉ុន កូរ៉េ ដែលកាន់ព្រះពុទ្ធសាសនាបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាការរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងចំណោមអរិយធម៌ដោយប្រាជ្ញា និងមេត្តារបស់ព្រះពុទ្ធ។

សម្តេចព្រះសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី មានព្រះរាជបន្ទូលលើកឡើងពីផលវិជ្ជមាននៃការផ្លាស់ប្តូរវប្បធម៌ នយោបាយ សុខុមាលភាពសាធារណៈ និងកិច្ចសហប្រតិបត្តិការរវាងព្រះពុទ្ធសាសនានៅតំបន់អាស៊ី និងចំណងមិត្តភាពកម្ពុជា-ចិន ដែលបានពូនជ្រំឡើងដោយព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំជំនាន់ចាស់របស់ប្រទេសចិន ហើយបានបន្តវេន អភិវឌ្ឍ និងថែរក្សាយ៉ាងយកចិត្តទុកដាក់បំផុត ដោយថ្នាក់ដឹកនាំគ្រប់ជំនាន់និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិនបានក្លាយជាមិត្តដែកថែប ក្នុងការទំនាក់ទំនងកិច្ចសហប្រតិបត្តការលើកគ្រប់វិស័យជាពិសេសគឺវិស័យព្រះពុទ្ធសាសនា ។

ថ្លែសុន្ទរកថាបិទសន្និសីទដ៏មានសារៈសំខាន់នេះ ឯកឧត្តម ចិន រុយហ្វុន បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះវត្តមានអ្នកកាន់ព្រះពុទ្ធសាសនានៅតំបន់អាស៊ី ដែលបានអញ្ជើញមកចូលរួមក្នុងអនុវេទិកាស្តីពីសុខដុមនីយកម្មសាសនា និងការរៀនសូត្រទៅវិញទៅមកក្នុងចំណោមអរិយធម៌នៃវេទិកាបូអាវសម្រាប់អាស៊ី ដើម្បីពិភាក្សាអំពីទំនាក់ទំនងមិត្តភាព និងការផ្លាស់ប្តូរព្រះពុទ្ធសាសនានៅអាស៊ី ព្រមទាំងរៀបចំផែនការសម្រាប់អនាគតនៃ មរតកព្រះពុទ្ធសាសនាប្រកបដោយសុខភាពល្អ។

ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលចិនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសាសនា ហើយតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយសេរីភាពនៃជំនឿសាសនា លើពន្លឺនៃស្ថានភាពជាតិ និងការពិតសាសនារបស់ប្រទេស ក្នុងគោលបំណងកសាងទំនាក់ទំនងសាសនាប្រកបដោយភាពវិជ្ជមាន មានសុខភាពល្អ និងរក្សាបាននូវសុខដុមរមនាខាងសាសនា និងសង្គមដោយធានាសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងសេរីភាពជំនឿសាសនាស្របតាមច្បាប់ គ្រប់គ្រងកិច្ចការសាសនាស្របតាមច្បាប់ គោរពជំនឿសាសនារបស់មហាជន ប្រកាន់ខ្ជាប់នូវគោលការណ៍ឯករាជ្យ ស្វ័យភាព និងការគ្រប់គ្រងខ្លួនឯង និងណែនាំយ៉ាងសកម្ម ដើម្បីឱ្យព្រះពុទ្ធសាសនាទាំងអស់នៅក្នុងតំបន់អាស៊ី ត្រូវបានលើកតម្កើងប្រកបដោយភាពច្នៃប្រឌិត ហើយទស្សនវិស័យនៃរង្វង់ពុទ្ធសាសនិកក្នុងប្រទេសនីមួយៗត្រូវបានកែលម្អឡើងវិញ ដែលធ្វើអោយ ការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយថែរក្សាមរតកព្រះពុទ្ធសាសនាប្រកបដោយ ជោគជ័យតាមប្រាជ្ញានិងមេត្តាធម៌របស់ព្រះពុទ្ធក្នុងពិភពលោក៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.