អង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) បានសហការជាមួយក្រសួងឧស្សាហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីចាប់ផ្តើមគម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្មបៃតង (Eco-industrial park) នៅកម្ពុជា។ គំនិតផ្តួចផ្តើមថ្មីនេះមានគោលដៅជំរុញការ​អភិវឌ្ឍឧស្សាហកម្មប្រកប​ដោយចីរភាព ដោយគិតគូរដល់ការការពារបរិស្ថាន ប្រសិទ្ធភាពធនធាន និងវិបុលភាពសេដ្ឋកិច្ច។

កិច្ចសហប្រតិបត្តិការនេះត្រូវបានបញ្ជាក់ជាផ្លូវការនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ រវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​គណៈប្រតិ​ភូ​ ដឹកនាំដោយលោក សុខ ណារិន តំណាងប្រចាំប្រទេសរបស់អង្គការ UNIDO។

UNIDO បានទទួលការអនុម័តពីទីភ្នាក់ងារស្វីស​សម្រាប់​ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ដើម្បីចាប់ផ្តើមបេសកកម្មសិក្សាស្វែងយល់ (scoping mission) សម្រាប់ការអភិវឌ្ឍសួនឧស្សាហកម្មបៃតងនៅកម្ពុជា។

បេសកកម្ម ដែលកំពុងអនុវត្ត និងដឹកនាំដោយប្រធានទីប្រឹក្សាបច្ចេកទេសរបស់ UNIDO ដែលមាន​មូល​ដ្ឋាន​នៅប្រទេស​ឥណ្ឌូនេស៊ី នឹងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ​ ដើម្បីវាយតម្លៃតំបន់​សេដ្ឋកិច្ច​ពិសេស​ដែលមានសក្តានុពលសម្រាប់អនុវត្តគម្រោង។ ទីប្រឹក្សានឹងសិក្សាតំបន់​សេដ្ឋកិច្ច​ពិសេសពី៦ ទៅ ១០ទីតាំង ដោយផ្អែកលើស្តង់ដារទាំង៦៤ចំណុចរបស់ UNIDO ដើម្បីជ្រើសរើសតំបន់​សេដ្ឋកិច្ច​ពិសេសមួយ សម្រាប់អនុវត្តគម្រោងសួនឧស្សាហកម្មបៃតងនេះ។ គម្រោងសាកល្បង ដែលនឹងមានរយៈ​ពេល​មួយ​ឆ្នាំនេះ មានសក្តានុពលជាគំរូសម្រាប់ការជំរុញការអភិវឌ្ឍសួនឧស្សាហកម្មបៃតងនៅតំបន់ផ្សេងទៀតទូទាំងប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ UNIDO និងបានបញ្ជាក់​ការ​ប្តេជ្ញា​ចិត្ត​របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រគំនិតផ្តួចផ្តើមនេះ ​ដូចជាការត្រៀមសហការក្នុងការចូលរួមផ្តល់នូវហេដ្ឋា​រចនាសម្ព័ន្ធសាធារណៈ សេវាទឹកស្អាត និងការអភិវឌ្ឍជំនាញជាដើម។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ​ការ​ជ្រើសរើសទីតាំងជាយុទ្ធសាស្រ្តនៃតំបន់​សេដ្ឋ​កិច្ចពិសេសសម្រាប់គម្រោងសាកល្បងនេះ គួរ​ផ្អែក​លើ​ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បី​ធានា​បាននូវភាពជោគជ័យនៃគម្រោង។ លើសពីនេះ ឯកឧត្តមបាន​ស្វាគមន៍ចំពោះវិនិយោគិន និងអ្នក​អភិវឌ្ឍន៍​សក្តានុពល ក្នុងការរួមចំណែកដល់ជោគជ័យនៃសួនឧស្សាហកម្មបៃតងនេះ។

លោក សុខ ណារិន ក៏បានរំលេចពីសារៈសំខាន់នៃការបញ្ចូលការគិតគូរពីបរិស្ថាន និងសង្គមទៅក្នុង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម ដោយសារនិន្នាការពិភពលោក ដែលអ្នកទិញផ្តល់អាទិភាពកាន់​តែខ្លាំងចំពោះនិរន្តរ​ភាព។ លោកបានបញ្ជាក់ថា សួនឧស្សាហកម្មបៃតងផ្តោតលើការអនុវត្តគោលការណ៍សេដ្ឋកិច្ចវិលជុំ និង​ការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់​ធនធាន ហើយ UNIDO នឹងផ្អែកលើជំនាញរបស់ខ្លួន ដែលបានមកពីការអនុវត្តគម្រោងសួនឧស្សាហកម្មបៃតងនៅក្នុងប្រទេសចំនួន៧ រួមទាំងប្រទេសវៀតណាម និង​ឥណ្ឌូនេ​​ស៊ី។

ឯកឧត្តមរដ្ឋមន្ត្រីបាន​ស្នើឱ្យគម្រោងប្រើ​វិធីសាស្ត្រ​ជាដំណាក់កាល ​ស្រប​តាម​បរិបទជាក់ស្តែង​របស់​កម្ពុជា និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃតុល្យភាពរវាងគោលដៅបរិស្ថាន ជាមួយនឹងតថភាពរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចកម្ពុជា។

កិច្ចសហប្រតិបត្តិការនេះត្រូវបានរំពឹងថានឹងផ្តល់សក្តានុពលដ៏សំខាន់សម្រាប់ការអភិវឌ្ឍ និងពង្រីកមូលដ្ឋានឧស្សាហកម្មប្រកបដោយនិរន្តរភាព ទន្ទឹមនឹងនោះដោះស្រាយបញ្ហាបរិស្ថានចំពោះមុខ។

ប្រភព​៖ ក្រសួងព័ត៌មាន 

Share.

Comments are closed.