ក្នុងនាមជាតំណាង ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ ទួត បញ្ញា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបនិស្សិតកម្ពុជាជ័យលាភីចំនួន ១២រូប ដែលប្រឡងជាប់អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន MEXT Scholarship 2024 ទៅសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៦ នៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសជប៉ុន លើមុខជំនាញដូចជាវិស្វកម្ម អប់រំ សេដ្ឋកិច្ច សុខាភិបាល និងវិទ្យាសាស្រ្ត។

លោកជំទាវរដ្ឋលេខាធិការ បានអបអរសាទរ និងកោតសរសើរ ដល់និស្សិតទាំងអស់ដែលបានជាប់អាហារូបករណ៍ ទៅសិក្សានៅប្រទេសជប៉ុន និងបានលើកឡើងអំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស រួមទាំងការស្វែងរកអាហារូបករណ៍ពីបណ្តាប្រទេសជាមិត្តរួមទាំងប្រទេសជប៉ុន ជូននិស្សិតកម្ពុជា។ លោកជំទាវក៏បានផ្តល់អនុសាសន៍ ដល់និស្សិតទាំងនោះ ត្រូវខិតខំសិក្សារៀនសូត្រ បង្កើតទំនាក់ទំនងល្អជាមួយនិស្សិតជប៉ុន ក៏ដូចជានិស្សិតបរទេសដទៃទៀត ព្រមទាំងត្រូវរួមចំណែកផ្សព្វផ្សាយអំពីប្រពៃណី វប្បធម៌ដ៏សម្បូណ៌បែបរបស់កម្ពុជា ជាដើម។

លោកជំទាវរដ្ឋលេខាធិការ បានជូនពរក្រុមនិស្សិត ឱ្យទទួលបានជោគជ័យក្នុងការសិក្សា និងស្នាក់នៅក្នុងប្រទេសជប៉ុន។ ក្រុមនិស្សិតក៏បានថ្លែងអំណរគុណដល់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ព្រមទាំងថ្នាក់ដឹកនាំក្រសួង ដែលបានយកចិត្តទុកដាក់ និងបានអនុញ្ញាតឱ្យក្រុមនិស្សិតបានចូលជួបសម្តែងការគួរសមប្រកបដោយបរិយាកាសរីករាយ។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.