រយៈពេលពេញមួយសប្តាហ៍ទី៣ នៃខែមីនា ឆ្នាំ២០២៤នេះ ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុងនិងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានជួយរៀបចំគំនូសប្លង់ ធ្វើផ្ទះតាមបែបស្ថាបត្យកម្មប្រពៃណីខ្មែរ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ ទទួលបានការអនុញ្ញាត ជូនដល់ប្រជាពលរដ្ឋចំនួន ១១ករណីខ្នងផ្ទះ និងគ្រួសារ ។

មន្រ្តីថ្នាក់ដឹកនាំ នៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅឋានក្នុងឧទ្យានអង្គរ ដែលមិនបានបញ្ចេញឈ្មោះ បានឱ្យដឹងនៅរសៀលថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ថា ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលទទួលបានការអនុញ្ញាតទាំងនោះរួមមាន៖ ១គ្រួសាររស់នៅក្នុងភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ។ ៣គ្រួសាររស់នៅស្រុកបន្ទាយស្រី ក្នុងភូមិប្រដាក, ភូមិអូរទទឹង, ឃុំប្រដាក និងភូមិតាឯក ឃុំរុនតាឯក ។ ៥គ្រួសាររស់នៅស្រុកពួក ក្នុងភូមិអន្តង្គន់ ឃុំដូនកែវ, ភូមិគោកស្នួល, ភូមិបឹងខ្នារ, ឃុំខ្នាត, ភូមិលើ្បក, ភូមិប្រាសាទចារ្យ, ឃុំដូនកែវ និង២គ្រួសាររស់នៅស្រុកប្រាសាទបាគង ក្នុងភូមិស្ទឹង, និងភូមិថ្នល់ត្រង់ ឃុំបាគង ។

មន្រ្តីរូបនោះបានអះអាងថា អាជ្ញាធរជាតិអប្សរា តែងយកចិត្តទុកដាក់និងពិនិត្យ ព្រមទាំងពង្រឹងការងាររបស់ខ្លួនបន្ថែម តាំងពីដំណាក់កាលទទួលសំណើ រហូតដល់ដំណាក់កាលឆ្លើយតប ទៅកាន់ពលរដ្ឋវិញ ។ ពោលគឺធ្វើយ៉ាងណាឱ្យសេវាកម្មរបស់អាជ្ញាធរជាតិអប្សរា ខិតកាន់តែជិតប្រជាពលរដ្ឋ ហើយរាល់ការស្នើសុំច្បាប់ គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.