សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ដោយដាក់ចេញនូវការណែនាំ ប្តូរទម្លាប់ពីការធ្វើការជាលក្ខណៈសាយឡូដោយឡែករៀងៗខ្លួន (Working in Silos) មកធ្វើការរួមគ្នា ដោយប្រកាន់ស្មារតីសហការគ្នា ក្នុងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដែលជាកត្តាមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិមួយ ប្រកបដោយការប្រកួតប្រជែងក្នុងតំបន់ និងសកល។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ណែនាំបែបនេះ នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែ​មីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញ​ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើក «ទិវា​ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២ នៅមជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍កោះពេជ្រ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ដូច្នេះដើម្បីជំរុញឱ្យការចូលរួមអនុវត្តវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹងការពង្រឹងក្រុមប្រឹក្សាភិបាលជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឲ្យកាន់តែរឹងមាំ ខ្ញុំផ្តល់អនុសាសន៍ណែនាំ ដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងស្ថាប័នពាក់ព័ន្ធ ទី១បន្តពង្រឹងអភិបាលកិច្ចលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្របតាមបទដ្ឋានគតិយុត្ត ជាធរមាន ខណៈយើងមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមប្រឹក្សាភិបាលជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាស្ថាប័នមានសមត្ថកិច្ចគតិយុត្តលើវិស័យនេះ ដូច្នេះខ្ញុំសូមដាក់ចេញនូវការណែនាំ ប្តូរទម្លាប់ពីការធ្វើការជាលក្ខណៈសាយឡូដោយឡែករៀងៗខ្លួន (Working in Silos) មកធ្វើការរួមគ្នា ដោយប្រកាន់ស្មារតីសហការគ្នា ក្នុងអភិក្រម «ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដែលជាកត្តាមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិមួយ ប្រកបដោយការប្រកួតប្រជែងក្នុងតំបន់ និងសកល»។

ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ជាខឿនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចសង្គម ឌីជីថល ដោយបានដាក់បញ្ចូលបច្ចេកវិទ្យាឈានមុខទាំងឡាយ ក្នុងប្រព័ន្ធខ្សែច្រវាក់ផលិតកម្ម និងសេវាកម្មសាធារណៈផ្សេងៗ ដើម្បីបង្កើនផលិតភាពស្របតាមឧត្តមានុវត្តអន្តរជាតិ ដែលជាកត្តាសត្យានុម័តមិនអាចខ្វះបាន៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.