ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Mohammed Ismaeil A. Dahlwyបានអញ្ជើញធ្វើបាឋកថាលើកទឹកចិត្តដល់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា CUMT ស្តីពី “បរិវត្តកម្មជីវិត តាមរយៈការអប់រំ” នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅអគារសិក្សារបស់សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា CUMT រាជធានីភ្នំពេញ។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមជាកិត្តិយសផងដែរពីសំណាក់ ឯកឧត្តម បណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា, ឯកឧត្តម បណ្ឌិត ស្លេះ ណាស៊ី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ CUMT រួមទាំងសាស្ត្រាចារ្យ បុគ្គលិកសិក្សាសាកលវិទ្យាល័យ និងនិស្សិតជាច្រើនរូបផងដែរ។

នៅក្នុងសន្ទករថាស្វាគមន៍ ឯកឧត្តមបណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ CUMT ឯកឧត្តមពិតជាមានកិត្តិយសដោយបានរៀបចំកម្រងបាឋកថាអគ្គរដ្ឋទូត ស្តីពី “បរិវត្តកម្មជីវិត តាមរយៈការអប់រំ” ក្រោមវត្តមានវាគ្មិនជាឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅកម្ពុជា។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ បានថ្លែងអំណរគុណដល់ឯកឧត្តម ឯកអគ្គរាជទូត ដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់ឯកឧត្តមដើម្បីមកចូលរួមក្នុង កម្រងបាឋកថាអគ្គរដ្ឋទូត។ លើសពីនេះទៀតក៏បានសម្តែងនូវអំណរគុណចំពោះរាជរដ្ឋាបាលអារ៉ាប៊ីសាអូឌីតដែលជានិច្ចកាលតែងតែកាំទ្រនឹងជួយដល់ប្រជាពលរដ្ឋកម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិត ជំនួយមនុស្សធម៌ កសាងហេដ្ឋារចនាសម្ព័ន្ធនិងជំនួយផ្សេងៗពិសេសចមពោះពលរដ្ឋខ្មែរឥស្លាមផងដែរ។

បើតាមឯឧត្តមបណ្ឌិត ស្លេះ ណាស៊ី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ CUMT បានមានប្រសាសន៍អោយដឹងថា កម្រងបាឋកថាអគ្គរដ្ឋទូត រៀបចំធ្វើឡើងក្នុងគោលបំណងអញ្ជើញឯកអគ្គរដ្ឋទូត រាជទូតនៃបណ្តាប្រទេសផ្សេងប្រចាំនៅកម្ពុជា ចូលរួមចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជូនដល់នសិស្សិតទាំងអស់ លើប្រធានបទដែលមានសារសំខាន់ផ្សេងៗដែលវាជាផ្នែកមួយក្នុងការជួយពង្រឹងគុណភាពអប់រំរបស់សាកលវិទ្យាល័យ។

ឯកឧត្តម បានបន្តថានេះគឺជាលើកទី២ហើយដែលសាកលវិទ្យាល័យបានរៀបចំកម្រងបាឋកថាអគ្គរដ្ឋទូត ដោយលើកទី១ បានរៀបចំធ្វើឡើងដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម Eldeen Hussaini Mohamand Hashim ឯកអគ្គរាជទូតម៉ាឡេស៊ី។

ក្នុងឱកាសធ្វើបទបង្ហាញ ឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានមានប្រសាសន៍ថា ជីវិតដែលជោគជ័យគ្មានវិធីសាស្ត្រណាដែលប្រើហើយប្រសើរជាងការអប់រំនោះទេ។ ឯកឧត្តម បានបន្តថា ការរៀនគឺមិនមែនត្រឹមតែរៀនក្នុងថ្នាក់ទេ ប៉ុន្តែត្រូវរៀនពីអ្វីដែលល្អនៅជុំវិញយើងផងដែរ។

ឯកឧត្តម ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានលើកទឹកចិត្តដល់និស្សិតដែលកំពុងសិក្សានៅទីនេះ ត្រូវព្យាយាមស្វែងរកការសិក្សាបន្តនៅប្រទេសអារ៉ាប៊ីសាអូឌីតក្រោយបញ្ចប់ថ្នាក់សាកលវិទ្យាល័យ ដើម្បីអោយបានមើលឃើញពិភពលោកកាន់តែធំទូលាយ និងជាពិសេសជាឳកាសធ្វើឲ្យនិស្សិតចូលរួមធ្វើឲ្យមានចំណងសាមគ្គីភាពជាមួយប្រទេសដែលយើងបានទៅបន្តការសិក្សានោះ និងប្រទេសកំណើតរបស់ខ្លួន ដូចយើងបានឃើញគម្រូរបស់និស្សិតមុនៗកន្លងមក។

ឯកឧត្តម បានសន្យាថា នឹងជ្រើសរើសអ្នកដែលរៀនពូកែចំនួន ៣នាក់ ពីសាកលវិទ្យាល័យ CUMT ដើម្បីទៅធ្វើធម្មយាត្រាអុំរ៉ោះនៅប្រទេសអារ៉ាប៊ីសាអូឌីត។

និស្សិតដែលបានចូលរួមក្នុងកម្រងបាឋកថាខាងលើសុទ្ធតែបានបង្ហាញនូវចំណាប់អារម្មណ៍សប្បាយរីករាយនឹងអំណរគុណចំពោះឯកឧត្តម ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតសម្រាប់ការចូលរួមចែករំលែកបទពិសោធនិងចំណេះដឹង សង្ឃឹមថាឯកឧត្តមនិងបន្តកម្មវិធីនេះនាពេលក្រោយទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.