យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១៨ ខែមីនា ម្សិលមិញនេះ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រ (Paetongtar Shinawatra) ប្រធានគណបក្សភឿថៃនៅកម្ពុជា គឺជាការចូលរួមចំណែក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសជាប់ភូមិផងរបងគ្នា និង “ភាពជាដៃគូយុទ្ធសាស្ត្រ” ដែលបានប្រកាសនៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះរាជាណាចក្រថៃ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។

ជាមួយគ្នានោះ នៅក្នុងការពិភាក្សាទ្វេភាគី រវាងលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រ (Paetongtar Shinawatra) ប្រធានគណបក្សភឿថៃ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្ដេចតេជោបានចែករំលែកពីស្ថានភាពសេដ្ឋកិច្ចបន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យ ការស្វែងរកសន្តិភាព ការប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍ ការប្រែក្លាយតំបន់ ព្រំដែនទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ភាគីទាំងពីរ ក៏បានលើកឡើងពីការជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ តាមរយៈការតភ្ជាប់លើហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនទាន និងបទពិសោធន៍ នៅក្នុងការកសាងបក្ស និងអភិបាលកិច្ចស្ថាប័នរដ្ឋ។

សូមបញ្ជាក់ជូនថា តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រ (Paetongtar Shinawatra) ប្រធានគណបក្សភឿថៃ បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់នៃគណបក្សភឿថៃ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ដើម្បីផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងគណបក្សទាំងពីរ ផ្អែកលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធរវាងគណបក្សទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រ បានជួបពិភាក្សាទ្វេភាគីជាមួយនឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបានជួបសម្តែងការគួរសមជាមួយ នឹងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

លោកជំទាវ ក៏បានសំណេះសំណាលផ្លាស់ប្ដូរយោបល់ជាមួយថ្នាក់ដឹកនាំវ័យក្មេងជាច្រើនរូប របស់គណបក្សប្រជាជនកម្ពុជា ដែលជាសមាជិករាជរដ្ឋាភិបាល និងសមាជិកសភា ក្នុងនោះរួមមាន ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈផងដែរ។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.