សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បានលើកឡើងថា ក្រោយពីពិធីបុណ្យទន្លេលើកទី ៨ រយៈពេលបីថ្ងៃនៅលើទឹកដីនៃក្រុងសៀមរាប បានបញ្ចប់ ខេត្តសៀមរាប នៅមានព្រឹត្តិការណ៍ដ៏អស្ចារ្យបន្ទាប់ទៀត គឺព្រឹត្តិការណ៍សមរាត្រីអង្គរ ដែលត្រូវបានគេស្គាល់ថាជាពេលវេលាដែលព្រះអាទិត្យរះចំពីលើកំពូលប្រាសាទអង្គរវត្ត។ នេះបើយោងតាមការបង្ហោះសារក្នុងបណ្តាញទំនាក់ទំនងសង្គមតេលេក្រាមផ្លូវការរបស់សម្តេចធិបតី។

សម្តេចធិបតី បានបន្តថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងទាក់ទាញ ទេសចរជាតិ និងអន្ដរជាតិមកកំសាន្ដនៅខេត្តសៀមរាបកាន់តែច្រើនស្របតាមយុទ្ធនាការណ៍ “ទស្សនាសៀមរាប ឆ្នាំ២០២៤”។

ឆ្លៀតនាឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរពិធីបុណ្យទន្លេលើកទី ៨ ដែលបានបញ្ចប់ទៅដោយភាពជោគជ័យ ដែលមានប្រជាជន ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តយ៉ាងច្រើនកុះករពោរពេញដោយក្តីសប្បាយរីករាយ

សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍សមរាត្រីអង្គរឆ្នាំ ២០២៤ នេះ ក្រសួងទេសចរណ៍បានរៀបចំ “ការប្រកួតប្រជែងរូបថតសមរាត្រីអង្គរអច្ឆរិយៈ” ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ ទេសចរអន្ដរជាតិ និងមហាជន ចូលរួមប្រកួតថតរូបព្រឹត្តិការណ៍សមរាត្រីអង្គរដែលស្អាត នឹងមានឱកាសទទួលបានរង្វាន់ចាប់ពី ១ លានរៀល ដល់ ៣លានរៀល ព្រមទាំងលិខិតសរសើរផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន 

Share.

Comments are closed.