នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលជាប្រធាន និងអនុប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់ផលិតផលកសិកម្ម បានសហការដឹកនាំកិច្ចប្រជុំបន្ទាន់ ជាមួយក្រុមការងារចម្រុះសម្របសម្រួល ដោយមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិក តំណាង ខុទ្ទកាល័យសម្ដេចមហាបវរធិបតី អភិបាលរងខេត្ត សហព័ន្ធស្វាយចន្ទី វិស័យឯកជន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំនេះធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្មក្នុងគោលបំណងពិភាក្សា និងពិនិត្យអំពីស្ថានភាពខ្សែច្រវាក់តម្លៃស្វាយចន្ទីនាពេលបច្ចុប្បន្ន និងស្វែងរកវិធានការដោះស្រាយលើបញ្ហានេះ។នៅក្នុងកិច្ចប្រជុំនេះ​ ក្រុមការងារចម្រុះបានពិភាក្សាដោយផ្តោតទៅលើការវិភាគកត្តាផ្សេងៗ ដែលជះឥទ្ធិពលលើតម្លៃស្វាយចន្ទី មានដូចជាកតា្តអាកាសធាតុ ធាតុចូលកសិកម្ម តម្រូវការនាំចេញ របាំងពន្ធគយ ផលិតកម្មនិងពាណិជ្ជកម្ម ស្វាយចន្ទីពិភពលោក សេដ្ឋកិច្ចពិភពលោក និងសមត្ថភាពនៃការកែច្នៃក្នុងស្រុកជាដើម។សូមបញ្ជាក់ថា​ តាមការវិភាគនៅក្នុងឆ្នាំ២០២៤នេះ ស្វាយចន្ទីកម្ពុជាមានគុណភាព និងបរិមាណផលទាបជាងឆ្នាំ២០២៣ ដោយសារតែស្ថានភាពអែលនីណូ (El Nino) ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់តម្លៃគ្រាប់ស្វាយចន្ទីសើម។ ក្រុមការងារចម្រុះក៏បានពិភាក្សាអំពីគោលនយោបាយជាតិស្វាយចន្ទី និងការវិភាគលើប្រភពហិរញ្ញវត្ថុ និងកម្ចីនានា ដើម្បីគាំទ្រការប្រមូលទិញគ្រាប់ស្វាយចន្ទីនៅក្នុងដំណាក់កាលនេះ ដើម្បីជួយរក្សាលំនឹងថ្លៃផង ក៏ដូចជាដើម្បីបន្តរក្សាខ្សែ ច្រវាក់ផលិតកម្ម កែច្នៃក្នុងស្រុកផង។ជាលទ្ធផល​ ក្រុមការងារចម្រុះបានសម្រេចបន្តតាមដាន នឹងធ្វើការជាមួយអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីប្រមូលទិន្នន័យ និងព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ និងធាតុចូលនានា មុននឹងសម្រេចវិធានការណ៍ជាក់លាក់ ដើម្បីអន្តរាគមន៍ការលើកស្ទួយផលិតកម្មទីផ្សារ និងរក្សាស្ថិរភាពថ្លៃស្វាយចន្ទី៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.