នាព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៤, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៤ ក្រោមមូលបទ “បន្តកសាងប្រព័ន្ធគាំពារសង្គមដើម្បីចីរភាព និងភាពធន់” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ដែលជាទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ ក៏ដូចជាឯកឧត្តម លោកជំទាវ ដែលជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិគាំពារសង្គម ព្រមទាំងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលនានា ផងដែរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ផ្អែកលើសមិទ្ធផល និង បទពិសោធក្នុងការអនុវត្ត យុទ្ធសាស្ត្រត្រីកោណនិង យុទ្ធសាស្រ្តចតុកោណ ទាំង ៤ ដំណាក់កាល ក្នុងរយៈពេលប្រមាណ ៣ ទស្សវត្សរ៍ កន្លងទៅ និង ការវាយតម្លៃសម្រាប់រយៈពេល ២៥ ឆ្នាំ ខាងមុខ ពោលគឺរហូតដល់ឆ្នាំ ២០៥០, រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម និងពោរពេញដោយសមត្ថភាព, ចំណេះដឹង និងថាមពល, បានចាត់ទុក ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ជាអាទិភាពមួយ ក្នុង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដោយផ្តោតជាពិសេសលើការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដែលមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាពស្របតាមអភិក្រមនៃវដ្តជីវិត ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» ជាមួយនឹងទស្សនវិស័យ និងគោលដៅដ៏ច្បាស់លាស់ គឺជំរុញ កំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ និង បរិយាបន្នសង្គម ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានបន្តបញ្ជាក់ថា «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» បានដើរតួយ៉ាងសំខាន់ ក្នុងការតម្រង់ទិសនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា បានយ៉ាងគាប់ប្រសើរ។ គិតត្រឹមដើមឆ្នាំ ២០២៤, ការគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គម មានប្រមាណជាង ៤២.១% នៃប្រជាជនសរុប។ ប៉ុន្តែ, ជាមួយនឹងការវិវត្តយ៉ាងឆាប់នៃព្រឹត្តការណ៍សកល ក៏ដូចជាលទ្ធផលនៃការវាយតម្លៃពាក់កណ្តាលអាណត្តិកន្លងមក, រាជរដ្ឋាភិបាលមើលឃើញពីភាពចាំបាច់ ក្នុងការធ្វើបច្ចុប្បន្នភាព ក្របខណ្ឌគោលនយោបាយនេះ ទៅជា «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម៖ ចក្ខុវិស័យឆ្នាំ២០៣០» ក្នុងគោលបំណងពង្រឹងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម បន្ថែមទៀត ដោយផ្លាស់ប្តូរអភិក្រម ពីការអភិវឌ្ឍដែលផ្តោតលើសសរស្តម្ភ ទៅជាអភិក្រមនៃការគាំពារផ្អែកលើហានិភ័យនៃវដ្តជីវិត និងបន្តពង្រីកការគ្របដណ្តប់ ទៅតាមលទ្ធភាព និង ស្ថានភាពជាក់ស្តែង, ប៉ុន្តែ ប្រកាន់ភ្ជាប់នូវគោលជំហរប្រុងប្រយ័ត្ន ក្នុងការមិនប្រែក្លាយកម្ពុជាទៅជា រដ្ឋសុខុមាលភាព (welfare state) នោះទេ។

«ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម៖ ចក្ខុវិស័យ ឆ្នាំ ២០៣០»​ ក៏នឹងបន្តស្មារតីក្នុងការនាំកម្ពុជា ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ដែលជារបៀបវារៈ និងជំហានគោលនយោបាយដ៏សំខាន់មួយ ដែលត្រូវបានកំណត់ជាគោលនយោបាយអាទិភាពទី ១ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង ៦ នៃ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១។ គោលនយោបាយអទិភាពនេះ មិនត្រឹមតែពង្រីកវិសាលភាពនៃរបបថែទាំសុខភាពដល់ប្រជាជនចំនួនប្រមាណ ៩ លាននាក់ ប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងជំរុញការគូសវាសផែនទីបង្ហាញផ្លូវមួយ សម្រាប់ការពង្រីកវិសាលភាព, ទាំងការគ្របដណ្ដប់ប្រជាជន, ការគ្របដណ្ដប់សេវាសុខាភិបាលសារវន្ត និងទាំងការគាំពារផ្នែកហិរញ្ញវត្ថុ, ក្នុងក្របខណ្ឌនៃការគាំពារសុខភាពសង្គម ដែលមានឈ្មោះថា ផែនទីបង្ហាញផ្លូវ ឆ្ពោះទៅការគ្របដណ្តប់ សុខភាពជាសកលនៅកម្ពុជា ផងដែរ។

ឈរលើស្មារតី គិតគូរជាសកល និង អនុវត្តតាមបរិការណ៍ក្នុងប្រទេស, ក្នុងនាមជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម, ខ្ញុំសូមលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីតាមបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលចូលរួមជាវាគ្មិនក្តី ឬមិនមែនជាវាគ្មិនក្តី បើកចិត្តឱ្យទូលាយ និង ចូលរួមពិភាក្សាជាមួយអ្នកជំនាញ ដើម្បីទទួលបាននូវបទ-ពិសោធន៍ និង មេរៀនល្អៗ, ក៏ដូចជាគំនិតផ្តួចផ្តើមថ្មី, ដែលអាចក្លាយជាធាតុចូល​ សម្រាប់ កំណត់ទិសដៅរួមគ្នា ក្នុងការនាំ «នាវាគាំពារសង្គមកម្ពុជា» ឈ្ពោះទៅមុខ ប្រកបដោយ ចីរភាព និង ភាពធន់ នៅក្នុងដំណើរដ៏វែងឆ្ងាយមួយ ។

ក្នុងឱកាសនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ធ្វើការកត់សម្គាល់មួយចំនួនដូចខាងក្រោម៖

ទី១. បន្ទាប់ពីការដាក់ឱ្យអនុវត្តនូវគោលនយោបាយពង្រីកវិសាលភាពគ្របដណ្តប់ នៃរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព និង មូលនិធិសមធម៌សុខា-ភិបាល, ការបង្កើនការគ្របដណ្តប់សុខភាពនៅក្នុងភាពជាក់ស្ដែង និង ការពង្រឹងគុណភាពសេវាសុខាភិបាល គឺជាការងារអាទិភាពចំពោះមុខ ។

ទី២. ដោយក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នឹងត្រូវបានចាប់ផ្តើមអនុវត្តពីខែមេសា ឆ្នាំ ២០២៤ តទៅ, មូលនិធិជាតិជំនួយសង្គម ត្រូវរៀបចំការងារបច្ចេកទេសចាំបាច់នានា ដើម្បីធានាថា កម្មវិធីនេះនឹងដំណើរការទៅ ដោយរលូន និង មានប្រសិទ្ធភាព។

ទី៣. ការបំពេញបន្ថែមនូវការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដោយតភ្ជាប់ពួកគាត់ ទៅកម្មវិធីគាំពារសង្គមផ្សេងៗ, ដូចជាកម្មវិធីជំនួយសង្គម ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ, មូលនិធិសមធម៌សុខាភិបាល និងសេវាសង្គមកិច្ចផ្សេងទៀត, នឹងជួយឱ្យរាជរដ្ឋាភិបាល សម្រេចបាននូវគោលដៅ ក្នុងការលើកស្ទួយជីវភាពគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ​ ឱ្យកាន់តែប្រសើរ ។

ទី៤. ការកសាងយន្តការអភិបាលកិច្ចល្អ ក្នុងប្រព័ន្ធគាំពារសង្គម នឹងជួយបង្កើនប្រសិទ្ធភាព និងចីរភាពនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ដោយមាននិយ័តករសន្តិសុខសង្គមជាតួអង្គដ៏សំខាន់ ។

ទី៥. ការប្រើប្រាស់ផតថលចុះបញ្ជីរួមនៃថ្នាលគាំពារសង្គមឌីជីថល សម្រាប់ការចុះបញ្ជី, ការកំណត់អត្តសញ្ញាណ, និងការធ្វើទំនើបកម្មការបើកផ្តល់កញ្ចប់ អត្ថប្រយោជន៍ នឹងកាត់បន្ថយភាពបែកខ្ញែកនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, ក៏ដូចជាកាត់បន្ថយបន្ទុកការងារ, បង្កើនប្រសិទ្ធភាព និង តម្លាភាព ក្នុងការអនុវត្ត ។

ក្នុងន័យនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៤នេះ ជាវេទិកានៃការផ្តោះប្តូរយោបល់ត្រង់ទៅត្រង់មក ប្រកបដោយស្មារតីស្ថាបនា និងចូលរួមគិត អនុវត្ត និងទទួលខុសត្រូវរួមគ្នាលើការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម នៅព្រះរាជាណាចក្រមកម្ពុជារបស់យើង ស្របតាមពាក្យស្លោក “ប្រព័ន្ធគាំពារសង្គមសម្រាប់អ្នករាល់គ្នា អ្នករាល់គ្នាសម្រាប់ប្រព័ន្ធគាំពារសង្គម”។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការរំលឹកដឹងគុណដ៏ខ្ពង់ខ្ពស់ជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទេសក៍ដ៏ឆ្នើមក្នុងការផ្តួចផ្តើម និងដឹកនាំការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជាឱ្យរឹងមាំ និងសូមគោរពដឹងគុណដ៏ខ្ពង់ខ្ពស់ផងដែរជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានភាពឈ្លាសវៃ និងប៉ិនប្រសប់ ដោយបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងដល់សុខទុក្ខប្រជាជន និងបានតាំងចិត្តមោះមុតក្នុងការបន្តដឹកនាំ “នាវាគាំពារសង្គមកម្ពុជា” ឱ្យកាន់តែរឹងមាំ មានចីរភាព និងភាពធន់។

សូមបញ្ជាក់ជូនថា សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៤ ជាការប្រារព្ធលើកទី៣ ខណៈការរៀបចំចំនួន ២លើក នាពេលកន្លងមកដោយទទួលបានលទ្ធផលគួរជាទីមោទកៈ និងធាតុចូលសំខាន់ៗ ដែលត្រូវបានប្រើប្រាស់ក្នុងការបន្តគិតគូរពីការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា។ ជាមួយនឹងជោគជ័យនាពេលកន្លងមក, ការរៀបចំសប្តាហ៍គាំពារសង្គមកម្ពុជានៅឆ្នាំនេះ បានបោះជំហានឈានមួយកម្រិតទៀតទៅថ្នាក់តំបន់ ដោយមានការចូលរួមពីអ្នកជំនាញក្នុងប្រទេស និងបណ្តាប្រទេសនានា ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) និងប្រទេសផ្សេងៗទៀត ព្រមទាំងមានការចូលរួមផងដែរពីនិយ័តករ និងអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីបង្កើតកិច្ចពិភាក្សាលើប្រធានបទពាក់ព័ន្ធនានាលើការវិឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា តំបន់ និងពិភពលោក ក៏ដូចជាបង្កើតជាវេទិការចែករំលែកនូវគោលនយោបាយ, ចំណេះដឹង, បញ្ហាប្រឈម, និងបទពិសោធល្អៗពាក់ព័ន្ធនឹងការរៀបចំ, ការអនុវត្ត, រួមទាំងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជាក្នុងបរិបទ និងភូមិសាស្រ្តនយោបាយបច្ចុប្បន្ន និងទៅអនាគត ។

ប្រភព៖ ក្រសួងព័ត៌មាន 

Share.

Comments are closed.